សន្តិសុខ​សង្គម

សង្ស័យស្រវឹងស្រាបើករថយន្តលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់១កង់

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រាវឹងស្រាបានបើក រថយន្តយ៉ាងលឿនមិនបានប្រុងប្រយត្ន័ក៏ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវបាក់១កង់ចេញពីគ្នា
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត ឈានថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងនិងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តកាមរីហាយព្រីតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-4632 បើកបរដោយបុរសម្នាក់ទិសដៅពីកើត ទៅលិចក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវព្រះសីហនុ ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាល ឲ្យរបាំងថ្ម(ក្បាលនាគ)បាក់១កង់ ចំណែករថយន្តបង្កដាច់កាឡែកង់មុខ រងការខូចខាតយ៉ាងដំណំសំណាង ល្អមិនបង្កឲ្យមនុស្សរងរបួស ។

ក្រោយកើតហេតុភ្លាមៗអ្នកបើកបរបានទុករថយន្តចោល រួចជិះម៉ូតូឌុបគេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកហើយទាក់ទងទៅជំនាញចរាចរណ៍មកវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះ ស្រាយនៅពេលក្រោយ ៕

ចែករំលែកអត្ថបទ