Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ធនាគារជាតិនៃកម្ពុជា ប្រាប់ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្ធូរបន្ថយកម្រៃសេវាពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានស្នើដល់គ្រប់បណ្តាញគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្តល់ការអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន ចាប់ពីពេលនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមលិខិតមួយច្បាប់ របស់ធនាគារជាតិនៃកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលអង្គភាពសារព័ត៌មានកោះប៉ែនទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។

លិខិតរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា ស្នើសុំការយោគយល់ពីគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិជន ដើម្បីជួយសម្រាលបន្ទុករបស់ពួកគាត់មួយកម្រិតទៀត ក្នុងគ្រាលំបាកនេះ ដូចជាការបន្ធូរបន្ថយ កម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជនរបស់ខ្លួន ចាប់ពីកាលបរិច្ឆេទនៃលិខិតនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០»។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ចែករំលែកអត្ថបទ