Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវរក​ម្ចាស់​សំឡេង​ដែល​ផ្សព្វផ្សាយ​មិនពិតថា អាជ្ញាធរ​នឹង​បិទ​រាជធានី​ភ្នំពេញ

​​ភ្នំពេញ ៖ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានចេញ​មុខមក​ច្រានចោល​ភ្លាមៗ នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​តាម​បណ្ដាញ Facebook ដែល​ផ្សព្វផ្សាយ​ថា អាជ្ញាធរ​នឹង​បិទ​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ និង​ការពារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញមុខ​ច្រានចោល​ព័ត៌​មាន​ប្រឌិត​នោះ​ក្រោយ​មានការ​ចែក​ចាយ​សំឡេង​មួយ ដែល​ត្រូវបាន​គេ​ផ្ញើ​តៗ​គ្នា​តាម​បណ្តាញ​សង្គម ដោយ​ប្រាប់ថា អាជ្ញាធរ​គ្រោង​បិទ​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​អ្នកនាំពាក្យ​ថា នោះជា​ព័ត៌មាន​ក្លែងក្លាយ ហើយ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ជឿ និង​កុំ forward សារ​សំឡេង​នេះ​បន្តទៀត នាំ​ឲ្យ​មានការ​យល់ច្រឡំ។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញក៏បាន​បញ្ជាក់បន្ថែម​ដែរ​ថា អាជ្ញាធរ​កំពុង​ស្រាវ​ជ្រាវ​ស្វែងរក​ម្ចាស់​សំឡេង ដែល​ថត​ជា​សារ​នេះ ដើម្បី​ចាត់វិធានការ​តាមច្បាប់។ បន្ថែមលើនេះ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យជួយ​ផ្ដល់ព័ត៌មាន ដើម្បី​ឈានទៅរក​ម្ចាស់​សំឡេង​នោះ ដោយ​អាជ្ញាធរ​នឹងមាន​រង្វាន់​លើកទឹកចិត្ត៕

ចែករំលែកអត្ថបទ