Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិ

សម្តេច ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី​ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមាន​ទឹក​ប្រាក់សរុប ៣១០លានដុល្លារ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះ​ហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមាន​ទឹក​ប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូន​ចំពោះរាជរដ្ឋាភិបាលកម្ពុជា។

ពិធីចុះហត្ថលេខានេះ នឹងត្រូវធ្វើឡើង នាវេលាម៉ោង ០៩:០០ព្រឹក នៅវិមានសន្តិភាព ដែលលិខិតប្តូរសារដែលនឹងត្រូវចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា គ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង ដូចខាងក្រោម ៖

-ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត៖
ទី១- គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹក​ស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់​ចំនួន ៣.៤២១លានយ៉េន (ប្រមាណ៣១លានដុល្លារអាមេរិក)

ទី២- គម្រោងសមាហរណកម្មការបោស​សម្អាតមីន និងសង្គ្រោះជនពិការដោយសារ​មីន ដែលមានទឹកប្រាក់ចំនួន ១.០០០លាន​យ៉េន (ប្រមាណ ៩លានដុល្លារអាមេរិក)

ទី៣- គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន(ប្រមាណ២,៧លានដុល្លារអាមេរិក)។

* ឥណទានសម្បទាន សម្រាប់អនុវត្ត ៖
ទី១- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លាន​ដុល្លារអាមេរិក)។

ទី២- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ​៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជា​ណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់​ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ផងដែរ៕

ចែករំលែកអត្ថបទ