Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

តូបលក់ឥវ៉ាន់ក្នុងផ្សារអ៊ីខាង៣០តូបត្រូវ​អគ្គីភ័យឆេះបំផ្លាញអស់ទាំងស្រុង

ភ្នំពេញ៖​ អគ្គីភ័យឆាបឆេះតូបក្នុងផ្សារអ៊ីខាង​យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង០៤និង២០នាទីទៀបភ្លឺ ទី៣១ ខែមករា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវវែងស្រេង ខាងលិចស្តុបឡូប្រាំចម្ងាយប្រហែល ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ផ្សារដែលអគ្គីភ័យឆាបឆេះនេះមានទំហ៊ំ១០​ម៉ែត្រ គុណនិង ៣០ម៉ែត្រ ម្ចាស់ដី មាន​ឈ្មោះ ចែ ចន្ធូ ភេទស្រី អាយុ៦០ឆ្នាំជាង រស់នៅម្ដុំគិរីរម្យ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ដែល​លក់ដូរ នៅកន្លែងកើតហេតុមួយយប់ទល់ភ្លឺបាន​ប្រាប់ឲ្យដឹងថា ដំបូងឡើយគឺមានការឆ្លងចរន្តអគ្គិសនីនៅបង្គោលភ្លើងថ្ម បង្កជាអគ្គិភ័យឆាប់ឆេះដល់តូបផ្សារ អ៊ីខាង​យ៉ាងសន្ធោសន្ធៅតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរហើយក៏ បានទំនាក់ទំនងទៅសមត្ថកិច្ចបានចុះមកអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យចេញមកជាបន្តបន្ទាប់បាញ់ពន្លត់ឲ្យរលត់ទៅវិញនៅ​វេលាម៉ោង ៥ និង ៤០ នាទីព្រឹកនៅថ្ងៃខែឆ្នាំដដែល។

សមត្ថកិច្ចបានអោយដឹងថា​ ករណីអគ្គីភ័យ​នេះកម្លាំងនគរបាលជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៩គ្រឿង ចំណែក​ការខូចខាតតូប តូបលក់កាបូប​ លក់ខោអាវ​និងគ្រឿងក្រលៃ ចំនួន​៣០តូបត្រូវឆេះអស់​ទាំងស្រុងតែម្ដង​ បូករួមទាំងម៉ូតូមួយគ្រឿងទៀត​ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ជាកម្មសិទ្ធិរបស់ឈ្មោះផាន់ ចាន់ណា ភេទស្រី ក៏ឆេះទាំងស្រុងផងដែរ តែសំណាងល្អ អ្នកនៅ ដេកខាងក្នុងនាំគ្នារត់ចេញមកក្រៅទាន់ពេលវេលាមិនមានអ្នករង របួសឬក៏ស្លាប់នោះទេ ។

សមត្ថកិច្ចបន្តថា​ ចំពោះមូលហេតុនៃករណីអគ្គីភ័យខាងលើ​ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីពីបង្គោលភ្លើងថ្ម បន្តឆាបឆេះដល់តូប​លក់របស់បងប្អូនប្រជាពលរដ្ឋតែម្ដង​ ។
ជុំវិញហេតុការណ៍អគ្គីភ័យនេះប្រជាពលរដ្ឋមានការចម្ងល់និងលើកឡើងថា តើខាងអគ្គីសនី​ និងមានសំណងដល់ប្រជាពលរដ្ឋដែរឬយ៉ាងណា៕

ចែករំលែកអត្ថបទ