Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ប្រើល្បិចជួលឡានជិះពីខេត្តបាត់ដំបង​ យក​មក​ប្លន់នៅខណ្ឌពោធិសែនជ័យ

ភ្នំពេញ៖​ ជនសង្ស័យម្នាក់បានជួលរថយន្តបុរសម្នាក់ឲ្យដឹកខ្លួនពីខេត្តបាត់ដំបងមក​ភ្នំពេញចំនួន៣ថ្ងៃ​ ខណៈមកដល់ភ្នំពេញទើប​បានមួយថ្ងៃក៏ធ្វើសកម្មភាពរឹតកនិងវាយទៅ​ជនរងគ្រោះបំណងប្លន់យករថយន្តតែមិន​បាន​​សម្រេច ឆ្លៀតយកទូរសព្ទ័ជនរងគ្រោះបានមួយគ្រឿងរួចរត់គេចខ្លួនបាត់ស្រមោល
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០១និង៤៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩ នៅ​ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ មុំ សាន​ ភេទប្រុស​ អាយុ៤៥ឆ្នាំ ស្នាក់ផ្ទះលេល២១៥ ក្រុម១០ ភូមិដូនទាវ សង្កាត់ពាមឯក ស្រុកបាភ្នំ ខេត្តបាត់ដំបង។

បើតាមសម្ដីជនរងគ្រោះបានរៀបរាបឲ្យដឹងថា នៅវេលាម៉ោង ៣ និង ៤០នាទីរសៀលថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩ ជនសង្ស័យបានតេ​ទូរ​សព្ទ័ទៅគាត់ដោយប្រាប់ថា​ សុំជួលរថយន្តគាត់ចំនួន៣ថ្ងៃហើយក្នុងមួយថ្ងៃគេឲ្យតម្លៃ ៨០ដុល្លារឲ្យដឹកមកភ្នំពេញ​ បន្ទាប់តេចរចាគ្នាតាមទូរសព្ទ័ត្រូវរ៉ូវ​ រួចមក ជនសង្ស័យឲ្យរូបគាត់ទៅយករូបគេនៅចំណុចមុខអធិការដ្ឋាននគរបាលស្រុកសង្កែ។

ជនរងគ្រោះបានបន្តថា បន្ទាប់ពីជនសង្ស័យណាត់ឲ្យទៅយករួចមក រូបគាត់​បានបើក​រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់​ស្លាកលេខបាត់ដំបង​2A-7909ទៅដឹកជនសង្ស័យនៅកន្លែងណាត់ពីខេត្តបាត់ដំបង​មកភ្នំពេញ លុះបើកពីខេត្តបាត់ដំបងមកដល់ចំណុចកើតហេតុ​ ជនសង្ស័យបានប្រាប់រូបគាត់ថាឈប់រថយន្តនៅទីនេះហើយរូបគេ​ចូលទៅយកភ្ញៀវម្នាក់ទៀតចេញពីអាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ មួយសន្ទុះក្រោយមកក៍ឃើញជនសង្ស័យដើរចេញមកវិញតែ​ម្នាក់ឯងដោយប្រាប់រូបគាត់ថាខុសជើងហោះ​ហើរ រួចជនសង្ស័យក៏បានដើរចូលក្នុង​រថយន្ដរបស់គាត់វិញអង្គុយធ្វើដូចជាមិនមាន​រឿងអ្វី​ ខណៈនោះរូបគាត់ក៏មិនចាប់អារម្មណ៍​អ្វីដែរ​ បានអង្គុយនៅផ្នែកខាងមុខ​ ដោយដាក់​ដៃគងនិងចង្កូតរថយន្តហើយ​សំងំដេក​មួយភាំង ស្រាប់តែជនសង្ស័យយកខ្សែលួសចងរុំជាមួយឈើ​ដែលជនសង្ស័យលាក់ទុកជាប់និងខ្លួនមក​រឹត​កគាត់ពីក្រោយជាប់​ ភ្លាមៗនោះរូបគាត់ក៏​បានដឹងខ្លួនរួចខំប្រឹងរើបំរះ​ និងបានតដៃជាមួយជនសង្ស័យមួយប្រាវហើយជនសង្ស័យក៏​បាន​យកឈើដែលរុំជាមួយនិងលួស​ មកវាយទៅលើមុខរបស់គាត់បណ្ដាលឱ្យប៉ោងមុខប៉ោងមាត់រងរបួសយ៉ាងដំណំ។ ពេលនោះគាត់ក៏បានស្រែកឆោឡោធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរឆ្លៀតយកទូរសព្ទរូ​បគាត់មួយគ្រឿងម៉ាកOPPO F5​ រត់​គេច​ខ្លួនបាត់ស្រមោល។

ស្របពេលនោះដែរ​ ប្រជាពលរដ្ឋក៏បានរិះគន់ចំៗ​ទៅលើ លោកយឹម សារ៉ាន់ ដែលជាអធិការ​ នគរបាល​ ខណ្ឌពោធិសែនជ័យ​ ថា​សង្ស័យមិនដឹកនាំ​ កូនចៅល្បាតទើប​ ​មានករណី​ វាយប្លន់ជាញឹកញាប់នៅក្នុងទឹកខណ្ឌ​ពោធិសែនជ័យ​ មិនថាយប់ឬក៏ថ្ងៃនោះទេ​ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានត្រឹមតែចុះទៅមើលកន្លែងកើតហេតុនិងបាន​នាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ តែប៉ុណ្ណោះ៕

ចែករំលែកអត្ថបទ