Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិ

ពលរដ្ឋរងគ្រោះ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ពិនិត្យប្លង់ដីរបស់ក្រុមហ៊ុន កាំកូស៊ីធី ដែលបានធ្វើស្ងាត់ៗរំលោភយកដីរបស់ពួកគាត់អស់ជាច្រើនឆ្នាំ ដើម្បីឆ្វៀលដីជូនពួកគាត់វិញ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរងគ្រោះ រស់នៅភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បាននាំគ្នាសំណូមពរឲ្យអាជ្ញាធរ ពិនិត្យមើលភាពមិនប្រក្រតី នៃប្លង់ដីរបស់ក្រុមហ៊ុន World City Co.,Ltd. (កាំកូស៊ីធី) ដែលបានធ្វើដោយស្ងាត់ រំលោភចូលដីដែលពួកគាត់កាន់កាប់អាស្រ័យផលរាប់សិបឆ្នាំមកហើយ។

ការសំណូមពរនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅគ្រាដែលអាជ្ញាធរខណ្ឌឬស្សីកែវ ចុះទៅវាស់វែង និងបោះបង្គោលព្រំដីទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន World City Co.,Ltd. របស់ជនជាតិកូរ៉េ មានទីតាំងស្ថិតនៅភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា អាជ្ញាធរខណ្ឌឬស្សីកែវ បានចុះទៅពិនិត្យទីតាំងដីទំនាស់ដែលមានទីតាំងខាងលើ បន្ទាប់ពីទទួលបានបណ្តឹងរបស់ប្រជាពលរដ្ឋ និងក្រោយពីពលរដ្ឋរកឃើញថា ក្រុមហ៊ុន World City Co.,Ltd. (កាំកូស៊ីធី) របស់ជនជាតិកូរ៉េ បានលួចធ្វើប្លង់រឹងរំលោភយកដីដែលពួកគាត់កាន់កាប់ និងអាស្រ័យផលតាំងពីអំឡុងឆ្នាំ១៩៧៩មកម្ល៉េះ។

បពើយោងតាម លិខិតលេខ១២២៧ កយ.ចសរវណ/១៦ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ០៩គ្រួសារ បានកាន់កាប់ និងអាស្រ័យផល ដោយដាំឈូក ត្រកួន និងធ្វើស្រែប្រាំង ដោយមានលិខិតទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន លើដីទំហំ ៧៣,១៩១ម៉ែត្រការ៉េ នៅតំបន់បឹងពោងពាយ ស្ថិតនៅភូមិទួលគោក (ឥឡូវក្លាយជាភូមិពោងពាយ) សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។

លិខិតដដែល បន្ថែមថា នៅចុងឆ្នាំ២០០៥ ក្រុមហ៊ុនWorld City Co.,Ltd. (កាំកូស៊ីធី) ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល អភិវឌ្ឍទីក្រុងរណបថ្មី លើដីបឹងពោងពាយនេះ ទំហំ ១១៩ហិកតា តាមលិខិត១៩៧២ សជណ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៥។

ក្រសួងយុត្តិធម៌រកឃើញថា កន្លងមកក្រុមហ៊ុន World City Co.,Ltd. (កាំកូស៊ីធី) បានធ្វើប្លង់ដីជាន់លើដីរបស់ប្រជាពករដ្ឋទាំង ០៩គ្រួសារ ហើយប្រជាពលរដ្ឋក៏បានប្តឹងតវ៉ា និងទាមទារដីនោះរហូតមកដល់សព្វថ្ងៃ។

នៅអំឡុងឆ្នាំ២០០៧ ក្រុមហ៊ុន World City Co.,Ltd. (កាំកូស៊ីធី) ធ្លាប់បានដាក់ពាក្យស្នើទៅសាលារាជធានីភ្នំពេញ ដើម្បីសុំទិញដីទាំងអស់នោះពីប្រជាពករដ្ឋ ក្នុងតម្លៃ ចន្លោះពី ៣០ដុល្លារ ទៅ ៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទៅតាមតំបន់ដី។

នៅពេលដែល សាលារាជធានីភ្នំពេញ ឯកភាព និងជួយសម្របសម្រួលជូន បែរជាក្រុមហ៊ុនមិនបានដោះស្រាយជូនប្រជាពលរដ្ឋទៅវិញ។

ក្រសួងយុត្តិធម៌ បានស្រាវជ្រាវ រកឃើញ មានសាក្សីជាមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូប បានអះអាងថា ប្លង់ដីរបស់ ក្រុមហ៊ុន World City Co.,Ltd. (កាំកូស៊ីធី) គឺកសាងឡើងដោយភាពមិនប្រក្រតី។

នៅក្នុងនោះ ចៅសង្កាត់ទួលសង្កែ បានបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣ ថា ក្រុមហ៊ុន World City Co.,Ltd. (កាំកូស៊ីធី) បានធ្វើប្លង់រំលោភយកដីប្រជាពលរដ្ឋ ដោយការរៀបចំធ្វើប្លង់ដី របស់ក្រុមហ៊ុន World City Co.,Ltd. (កាំកូស៊ីធី) មិនគោរពតាមច្បាប់ភូមិបាល ព្រោះពុំបានចុះទៅវាស់វែងដល់ទីតាំងឲ្យបានត្រឹមត្រូវ អាជ្ញាធរភូមិ សង្កាត់ និងប្រជាពលរដ្ឋម្ចាស់ដីជាប់ព្រំ ពុំបានចូលរួម និងផ្តិតមេដៃទទួលស្គាល់ព្រំនោះទេ។

ចំណែកលោក ស៊ីវ រដ្ឋា អតីតមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ប្លង់ដីរបស់ក្រុមហ៊ុន World City Co.,Ltd. (កាំកូស៊ីធី) គាត់បានទៅចុះហត្ថលេខានៅមន្ទីរសុរិយោដី គាត់មិនបានជួបមុខអ្នកលក់ ឬអ្នកទិញ ដើម្បីសាកសួរព័ត៌មាន ឬសាវតាអ្វីឡើយ និងមិនបានចុះទៅវាស់វែងដល់ទីតាំងដីជាក់ស្តែងដែរ។

ក្រសួងយុត្តិធម៌ បានជម្រាបជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថា ការឆ្វៀលកាត់ដីពីប្លង់របស់ក្រុមហ៊ុន World City Co.,Ltd. (កាំកូស៊ីធី) ជូនប្រជាពលរដ្ឋរងគ្រោះ គឺត្រូវប្រគល់ជូន ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកពិនិត្យ និងដោះស្រាយ៕

ចែករំលែកអត្ថបទ