Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់​(លួចហែកហ្វេស​ ប៊ុកផ្ញើសារ​ ឆបោកប្រាក់តាមវីង)ត្រូវសមត្ថកិច្ច​ចាប់​វាយខ្នោះ

បាត់ដំបង៖​ កម្លាំងនគរបា​ល​ព្រហ្មទណ្ឌកំរិតស្រាល​ នៃស្នងការ​ដ្ឋាននគរបាលខេត្តបាត់​ដំបង​ ដឹកនាំដោយ​លោកវរសេនីយ៍ទោ​ ឈឿង គឹមសុង ប្រធាន​ការិយាល័យ​នគរ​បាលព្រហ្មទណ្ឌកំរិតស្រាល ខេត្ត​ សហការ​ជាមួយ​កម្លាំងនគរបាល​ព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាល​ ខេត្តកែប ដែលដឹកនាំ​ដោយលោក​វរសេនីយ៍​​ទោ កើតដាវុធ បានបើកប្រតិបត្តិការ​ បង្ក្រាបករណី ឆបោក​ (លួចបន្លំគណនី​ហ្វេសប៊ុករួចផ្ញើសារឲ្យផ្ញើប្រាក់តាមភ្នាក់ងារផ្ទេរប្រាក់​វីង​)
ប្រតិបត្តិការណ៍បង្ក្រាបនេះបានធ្វើឡើងកាល​ពីវេលាម៉ោង០៥និង៤៥នាទីល្ងាចថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិឡឥដ្ឋ​ សង្កាត់ព្រែកព្រះស្ដេច ក្រុង​ និងខេត្តបាត់ដំបង​ ដោយឃាត់ខ្លួនជន​សង្ស័យបានជាបន្តបន្ទាប់ចំនួន២នាក់។

សមត្ថកិច្ចបានអោយដឹងថា​ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ច​ ឃាត់ខ្លួនជន​សង្ស័យបានម្នាក់មានឈ្មោះ សេង ភារ៉ាហៅពេទ្យ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ខេត្តបាត់ដំបង រួចហើយបាននាំយកមកកាន់ស្នងការដ្ឋានធ្វើការសាកសួររួច​ បន្ទាប់មកក៏បាន​បន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត មានឈ្មោះ ឈុន ពិសិដ្ឋ​ ភេ​ទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិចំការសំរោង២​ សង្កាត់ចំការ​សំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា​ កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩​ ជនសង្ស័យឈ្មោះ ឈុន ពិសិទ្ធ បាន​ធ្វើសកម្មភាពលួច​បន្លំគណនីហ្វេសប៊ុក​របស់ប្រជាពលរដ្ឋនៅ​ក្នុងខេត្តកែបចំនួន៣​គណនីផ្សេងគ្នា ក្រោយពីជនសង្ស័យបានធ្វើការហែកប្រព័ន្ធហ្វេស​ប៊ុក ហើយបានផ្ញើសារថាជាភ្នាក់ងារវីងវេ​លុយចំនួន៩៥០០​ដុល្លារ និងប្រាក់ខ្មែរចំនួន ៤​លានរៀល តាម​រយៈលេខទូរសព្ទចំនួន៦​លេខផ្សេងគ្នាក្រោយ​ពីជនសង្ស័យបានផ្ញើសារឲ្យវេប្រាក់​រួចជនសង្ស័យក៏បានផ្ញើលេខ​កូដឱ្យទៅឈ្មោះ សេង ភារ៉ា ហៅពេទ្យ ជា​អ្នកទៅ​ដក​ប្រាក់នៅក្នុងខេត្តបាត់ដំបង។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងដកហូតរួមមាន៖-ទូរស័ព្ទដៃចំនួន៣​គ្រឿង-ស៊ីមទូរសព្ទចំនួន៨- ម៉ូតូមួយគ្រឿងម៉ាកហុងដា pcx ពណ៌ស បិតស្គុតពណ៌ខ្មៅ គ្មានស្លាកលេខ-ប្រាក់ខ្មែរចំនួន៤៣ម៉ឺន​រៀល​ ។

បច្ចុប្បន្ន​ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វើកំណត់ហេតុប្រគល់ជន​សង្ស័យរួមទាំងវត្ថុតាងឱ្យទៅកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកែបចាត់​ការតាមនីតិ​វិ​ធីនៃច្បាប់៕

ចែករំលែកអត្ថបទ