Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋ ៣៨គ្រួសារ ដាក់ពាក្យសុំអន្តរាគមន៍ពីសម្តេចតេជោ ឲ្យជួយដោះស្រាយវិវាទដីធ្លីជិត ១,០០០ហិកតា នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋ ចំនួន ៣៨គ្រួសារ ដែលបានទិញដីដោយស្របច្បាប់ពី ក្រុមហ៊ុន ដែលតា ដាប់បលយូ ត្រេឌីង ខូអិលធីឌី (DETA W TRADING Co.,Ltd) នៅខេត្តកំពង់ស្ពឺ ដាក់ពាក្យសុំអន្តរាគមន៍ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ដែលជាប់គាំងអស់ជាយូរឆ្នាំមកហើយ។

ការសម្រេចចិត្តដាក់ពាក្យ សុំអន្តរាគមន៍ជូនសម្ដេចនាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីមានព័ត៌មានថា ឈ្មោះ រ៉ៃន័រ ម៉ារា វ៉ូលនី (Rainer Maria Wollny) និងឈ្មោះ នួន ចន្ទ័មករា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានធ្វើកិច្ចព្រមព្រៀងចែកដីទំហំ ១,១០០ហិកតា ជាពីរចំណែកស្មើគ្នា ដោយពុំបានដោះស្រាយជាមួយប្រជាពលរដ្ឋជាអ្នកទិញដីនោះនៅឡើយ។

ប្រជាពលរដ្ឋលើកឡើងថា វិវាទដីធ្លីរវាងពួកគាត់ និងឈ្មោះ រ៉ៃន័រ ម៉ារា វ៉ូលនី (Rainer Maria Wollny) និងឈ្មោះ នួន ចន្ទ័មករា មានទំហំ ៧៧៩,២៨ហិកតា ស្ថិតនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ពួកគាត់ទាំង ៣៨គ្រួសារ បានទិញដីទំហំ ៧៧៩,២៨ហិកតា ពីឈ្មោះ នួន ច័ន្ទមករា ដែលជាតំណាងស្របច្បាប់របស់ក្រុមហ៊ុន ដែលតា ដាប់បលយូ ត្រេឌីង ខូអិលធីឌី (DETA W TRADING Co.,Ltd)។

ក្រោយពីទិញដីខាងលើដោយស្របច្បាប់ពីឈ្មោះ នួន ច័ន្ទមករា ដោយមានអាជ្ញាធរភូមិ ឃុំ និងស្រុក បានទទួលស្គាល់ក្នុងការផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ទាំង ៣៨គ្រួសាររួចហើយនោះ ពួកគាត់ ធ្វើផ្លូវគ្រួសក្រហមចូលទៅទីតាំងដី ដាំដុះដំណាំ និងអាស្រ័យផលនៅលើដីនោះ ដោយបានចំណាយប្រាក់កាសជាច្រើន និងកម្លាំងញើសឈាម ក្នុងការដាំដុះ និងថែទាំដំណាំ រហូតមក។

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ រ៉ៃន័រ ម៉ារា វ៉ូលនី (Rainer Maria Wollny) ជនជាតិអាឡឺម៉ង់ ជាប្រធានក្រុមហ៊ុន ដែលតា ដាប់បលយូ ត្រេឌីង ខូអិលធីឌី (DETA W TRADING Co.,Ltd) ជាប្តីរបស់ឈ្មោះ នួន ច័ន្ទមករា បានប្តឹងសុំរក្សាការពារបណ្តោះអាសន្ន និងប្ដឹងទាមទារដីទាំងអស់នោះពីប្រជាពលរដ្ឋវិញ។

ជាមួយគ្នានោះ ឈ្មោះ រ៉ៃន័រ ម៉ារា វ៉ូលនី (Rainer Maria Wollny) ជនជាតិអាឡឺម៉ង់ ជាប្រធានក្រុមហ៊ុន ដែលតា ដាប់បលយូ ត្រេឌីង ខូអិលធីឌី (DETA W TRADING Co.,Ltd) ក៏បានប្ដឹងប្រពន្ធឈ្មោះ នួន ច័ន្ទមករា ថាបានក្លែងឯកសារ និងលួចដីយកទៅលក់ឲ្យប្រជាជនថែមទៀតផង។

គួរជម្រាបថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ប្រជាពលរដ្ឋ ទាំង ៣៨គ្រួសារ បានប្តឹងទៅតុលាការខេត្តកំពង់ស្ពឺ ទាមទារឲ្យទទួលស្គាល់សិទ្ធិស្របច្បាប់ ជាម្ចាស់កម្មសិទ្ធិដីធ្លី របស់ពួកគាត់ ដែលបានទិញពីក្រុមហ៊ុន ដែលតា ដាប់បលយូ ត្រេឌីង ខូអិលធីឌី(DETA W TRADING Co.,Ltd) ដោយស្របច្បាប់ និងមានអាជ្ញាធរទទួលស្គាល់ ផងដែរ។

ហើយសំណុំរឿងនេះ កំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការនៅឡើយ ហេតុអ្វី ឈ្មោះ រ៉ៃន័រ ម៉ារា វ៉ូលនី (Rainer Maria Wollny) និងឈ្មោះ នួន ចន្ទ័មករា យកទៅចែកគ្នា ជាពីរចំណែកបាន?

ចែករំលែកអត្ថបទ