Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

សូមប្រយត្ន័​!!នគរបាលព្រហ្មទណ្ឌ​ បង្ក្រាបមុខសញ្ញាចោរលួច​រថយន្ដឆ្លងដែនជនជាតិ​វៀតណាម​ ដែលប្រើពេលត្រឹម២-៣នាទីលួចរថយន្តបាន

(ភ្នំពេញ)៖ កម្លាំងនគរបាល​ព្រហ្មទណ្ឌកម្រិត​ធ្ងន់​ ឃាត់​ខ្លួនជនសង្ស័យដែលជា​ មុខសញ្ញាចោរលួច​រថយន្ដជនជាតិវៀតណាមម្នាក់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចរថយន្ដ Priusមួយគ្រឿងនៅភូមិស្វាយប៉ាក សង្កាត់​ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ​ ។ ប្រតិបត្តិការ​បង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យឈ្មោះ Phan Van Ho អាយុ២៩ឆ្នាំ​ ជនជាតិវៀតណាម​ កាន់លិខិតឆ្លងដែនលេខ​C4563131។

សមត្ថកិច្ចបន្តថា​ បើតាមចម្លើយសារភាព​របស់​ជនសង្ស័យ បានឲ្យដឹងថា រូបគេពិតជាបានលួចរថយន្ដPrius ពណ៌ស​ ពាក់ស្លាក​លេខភ្នំពេញ 2Y-8393 ពិតប្រាកដមែន។ ជនសង្ស័យបញ្ជាក់ទៀតថា សម្រាប់រថយន្ដប្រើប្រាស់ស្មាតឃី ចាប់ពីស៊េរីឆ្នាំ២០០៩ចុះក្រោម មិនពិបាកលួចនោះទេ ប្រើពេលត្រឹមតែ២នាទីប៉ុណ្ណោះ ព្រោះគេមានឧបករណ៍គ្រប់គ្រាន់ ទាំងឧបករណ៍ផ្ដាច់GPS​ និងឧបករណ៍ភ្ជាប់ជាមួយស្មាតឃី ដែលសម្ភារទាំងនេះគេយកមកពីប្រទេសវៀតណាម។

ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញ​​ដក​ហូតបាន ដែកកាច់សោររថយន្ត១,ឧបករណ៍​ ផ្តាច់ប្រព័ន្ធGPS​ ១គ្រឿង, ឧបករណ៍សម្រាប់ភ្ជាប់ជាមួយស្មាតឃី​ ១គ្រឿង,ដែកកាច់សោ​រ​សូឡិច០១ និងរថយន្តរបស់ជនរងគ្រោះ ម៉ាក Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-8393​ មួយគ្រឿង​ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យនេះ ជាមុខ​សញ្ញាគ្រោះថ្នាក់បំផុត ព្រោះគេមានមុខរបរជាងសោរ​ និងមានទាំងឧបករណ៍គ្រប់គ្រាន់ដើម្បីប្រើប្រាស់សម្រាប់ធ្វើសកម្មភាព ពិសេសការលួចរថយន្ដស្មាតឃីតែម្ដង​ ។

បច្ចុប្បន្ន​ ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕

ចែករំលែកអត្ថបទ