Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ៣នាក់ដែលសម្លាប់នារីចងការប្រាក់ទៅតុលាការ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួង មហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ទៅ សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធ ករណីឃាតកម្ម សម្លាប់ស្ត្រីចងការប្រាក់ម្នាក់ ច្រកក្នុងកញ្ចេនំប៉័ងយកសពទៅបោះចោលក្នុងទឹកលូ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យប្រុសស្រីទាំង៣ នាក់រួមមាន ៖ -ទី១ឈ្មោះ អាត អឿន ភេទស្រី អាយុ
៣១ឆ្នាំ មុខរបរ អ្នកលក់នំប៉័ង -ទី២ឈ្មោះ កែវ សុផាត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ អ្នកលក់នំប៉័ង -និងទី៣ឈ្មោះ សុខ ហេង ហៅ អេតចាយ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ អ្នករើសអេតចាយ។
ក្រុមជនសង្ស័យទាំង៣នាក់ស្នាក់នៅជាមួយគ្នាក្នុងផ្ទះជួលក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រីទាំង៣នាក់ខាងលើកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីបងរបស់ជនរងគ្រោះហើយបើកការស្រាវជ្រាវរកឃើញថាបក្ខពួកគេបានជាប់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់លើនារីរងគ្រោះឈ្មោះ ខ្នើយ សឹង ប្លន់យក ទ្រព្យសម្បត្តិ ។
សមត្ថកច្ចបានបន្តទៀតថាបន្ទាប់ពីទទួលពាក្យបណ្ដឹងពីឈ្មោះ ខ្នើយ ស្មឿង ត្រូវជាបងប្រុសរបស់ជនរង គ្រោះដែលអះអាងថា ប្អូនស្រីខ្លួនបានបាត់ខ្លួនតាំងពី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយគ្មានមូលហេតុ ទើបសមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានស្រាវជ្រាវ រហូត ទទួលបានដំណឹងថា មាន ពលរដ្ឋប្រទះឃើញ សាកសពស្ត្រីរងគ្រោះ ត្រូវគេច្រកក្នុងកញ្ចេនំប៉័ងយកទៅបោះចោលក្នុងលូទឹកស្អុយ តាមផ្លូវសឡា ក្បែរស្ថានីយ៍ប្រេងតេលា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយមកសមត្ថកិច្ច ក៏កំណត់មុខសញ្ញាបាននិងឃាត់ ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនៅចំណុចផ្ទះជួលរបស់ពួកគេ។

នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យបានសារភាពថាពួកគេពិតជាបានរួមដៃគ្នាសម្លាប់នារីរងគ្រោះប្លន់យកទ្រព្យសម្បត្តិរួមមាន ៖ -ម៉ូតូម៉ាក ស្កុបពី ១គ្រឿង -ទូរស័ព្ទ iPhone ២គ្រឿង-ខ្សែក-ក្រវិល -នាឡិកា-និងសម្ភារមួយចំនួនទៀត។

ក្រុមជនសង្ស័យ បញ្ជាក់ថា មូលហេតុដែល ពួកគេ បែកគំនិតប្លន់ សម្លាប់ជនរងគ្រោះ ព្រោះតែ ជនរង គ្រោះ បានចងការប្រាក់ឲ្យជនសង្ស័យឈ្មោះ អាត អឿន ចំនួន ២០ម៉ឺនរៀល ដោយគ្មានប្រាក់សង និងមើលឃើញថា ជនរងគ្រោះមានសម្ភារ អាចប្លង់យកទៅលក់បាន ទើបពួកគេ ធ្វើសកម្មភាពប្លន់ជន រងគ្រោះនៅពេលពួកគេ ណាត់ជនរងគ្រោះឲ្យមក យកលុយជំពាក់តែម្តងទៅ៕

ចែករំលែកអត្ថបទ