Wednesday, May 15, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រសួងព័ត៌មាន សម្រេចបង្កើតGroup Telegramអ្នកសារ​ព័ត៌មាន ដើម្បីប្រមូលគំនិត សម្រាប់ធ្វើវិសោធនកម្មច្បាប់សារព័ត៌មាននៅកម្ពុជា

ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មាននឹងបង្កើតគ្រុប Telegram មួយ ដើម្បីប្រមូលតំណាងអ្នកកាសែតដែលសកម្ម តំណាងខាងស្ថាប័នរដ្ឋ និងអង្គការផ្សេងៗ ដើម្បីចូលរួមជជែកពិភាក្សាគ្នា ផ្តល់ជាគំនិត និងមតិយោបល់ផ្សេងៗ ដើម្បីឱ្យក្រសួងយកទៅពិចារណា សម្រាប់អនុម័តការធ្វើវិសោធនកម្មច្បាប់សារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូចនេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីរបបសារព័ត៌មានកម្ពុជាឆ្នាំ១៩៩៥ ដែលបានរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់១ ដោយមានការចូលរួមពីលោក អ៊ុ សារិន ប្រធានសមាគមកម្ពុជាការពារអ្នកកាសែត, លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានតំណាងអ្នកសារព័ត៌មានមកពីច្រើនស្ថាប័នផងដែរ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ទៀតថា «រាល់គំនិត និងមតិទាំងអស់របស់អ្នកសារព័ត៌មាន ស្ថាប័ន អង្គការផ្សេងៗ ក្រសួងព័ត៌មាននឹងយកទាំងអស់ដើម្បីយកជាគំនិតទៅពិចារណា ហើយបន្តិចទៀតខ្ញុំនឹងបើកក្រុម Telegram មួយ គឺក្រុមវិសោធនកម្មច្បាប់នឹង ចឹងពេលបានប្រធានណា ខ្ញុំនឹងរៀបចំឱ្យក្រុមខ្ញុំយកគំនិតទាំងអស់ ដែលលើកឡើងនឹងយកទៅពិចារណា ហើយសរសេរជាច្បាប់ ពេលសរសេរហើយ យើងនឹងរៀបចំជាក្រុមមួយ ដែលអញ្ជើញសមាគមអ្នកកាសែតដែលសកម្ម សកម្មនឹងចូលដើម្បីអាចរួមមតិជជែកគ្នារហូតដល់យើងអនុម័តជាច្បាប់បាន»។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ទៀតថា «ក្រសួងនឹងមិនបិទទ្វារនោះទេ ក្នុងការរៀបចំច្បាប់នេះ គឺអញ្ជើញតំណាងអ្នកការសែតទាំងអស់ចូលរួមផ្តល់មតិ ដូចដែលយើងបានធ្វើ Accessery information ដែលហៅថា សិទ្ធិទទួលបានព័ត៌មាន ដែលសិទ្ធិ នៃការធ្វើនេះគឺ Unesco ហើយអង្គការការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចាត់ជារបៀបធ្វើច្បាប់ដ៏ល្អបំផុត ក្នុងតំបន់នេះ ហើយសុំឱ្យប្រទេសដ៏ទៃទៀតយកគំរូតាមកម្ពុជា គឺយើញអញ្ជើញទាំងអស់ចូល មិនមែនអញ្ជើញតែខាងរដ្ឋនោះទេ យើងអញ្ជើញអង្គការទាំងអស់ជជែកគ្នា ដើម្បីយើងសុខចិត្តយឺត តែពេលដែលយើងចេញច្បាប់ទៅ គឺម្នាក់ៗយល់មិនចាំបាច់យើងដើរពន្យល់ច្រើននោះទេ»។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា វេទិកានេះគឺជាការរៀបចំលើកទី១ហើយ សម្រាប់ការធ្វើវិសោធនកម្មច្បាប់របស់អ្នកសារព័ត៌មានកម្ពុជា ដោយយើងបានដឹងហើយថា សម្រាប់ច្បាប់អ្នកសារព័ត៌មាន នៅកម្ពុជា គឺត្រូវបានអនុម័តតាំងពីឆ្នាំ១៩៩៥ ដែលមកដល់ពេលនេះ គេនៅតែចាត់ទុកថា ជាច្បាប់មួយដែលមានលក្ខណៈបើកទូលាយច្រើនជាងច្បាប់សារព័ត៌មាននៅក្នុងប្រទេសក្នុងអាស៊ាន ហើយក្នុងអាស៊ីទាំងមូលត្រូវបានគេទទួលស្គាល់ថា ជាច្បាប់ដែលមានលក្ខណៈសេរីផងដែរ។
លោក អ៊ុ សារិន បានលើកឡើងដែរថា ការៀបចំវេទិកានេះឡើង ក្នុងគោលបំណងដើម្បីប្រមូលធាតុចូល សំខាន់ពីអ្នកចូលរួមអ្នកទាំងអស់ ដើម្បីដាក់ជូនដល់ក្រសួងព័ត៌មាន ដើម្បីធ្វើការពិចារណាក្នុងការកែរប្រែមាត្រាមួយចំនួន ឱ្យបានស្របទៅនិងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ និងដើម្បីចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងការបញ្ចេញមតិ និងសិទ្ធទទួលបានព័ត៌មាននៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើងផងដែរ។
លោក អ៊ុ សារិន បានបញ្ជាក់ទៀតថា វេទិកានេះដែរក៏នឹងផ្តល់ឱកាសឱ្យអ្នកពាក់ព័ន្ធនានា លើកឡើងពីបញ្ហានានាទៅកាន់វាគ្មិន ដើម្បីបានជាមតិ ក្នុងការស្នើរទៅក្រសួងព័ត៌មាន ដើម្បីស្នើរជាមតិកែរលំអរទៅលើច្បាប់សារព័ត៌មាន ដែលបានអនុវត្តន៍នាពេលសព្វថ្ងៃនេះផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យបានសមស្របទៅនិងការវិវឌ្ឍន៍ជឿនលឿននៃវិស័យសារព័ត៌មាននៅកម្ពុជា៕