Wednesday, May 1, 2024
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

ស្ត្រីដែលរៀបគម្រោងជាមួយសង្សារសម្លាប់ប្តី ត្រូវតុលាការឃុំខ្លួនក្រោមបទចោទប្រកាន់ដែលអាចប្រឈមការផ្តន្ទាទោសដាក់គុកអស់មួយជីវិត

(ភ្នំពេញ)៖ ទីបំផុត! ស្ត្រីដែលរៀបចំផែនការឲ្យសង្សារបាញ់ប្តីដើមចោល នៅខណ្ឌសែនសុខ ត្រូវបានលោក ធ្ធាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នហើយ កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ។

តុលាការបានសម្រេចឃុំខ្លួនស្ត្រីត្រូវចោទឈ្មោះ ឃឿន ស៊ីហ៊ន ហៅ ស៊ីហ៊ន ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ «ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» យោងតាមមាត្រា២៨ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។ បើយោងតាមបទចោទប្រកាន់នេះ ស្ត្រីត្រូវចោទអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

បើយោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ដែលជាសង្សាររបស់ស្ត្រីត្រូវចោទខាងលើក៏ត្រូវបានតុលាការចេញដីកាតាមចាប់ខ្លួនមកផ្តន្ទាទោសផងដែរ។

សូមជម្រាបជូនថា កម្លាំងជំនាញនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនស្ត្រីត្រូវចោទខាងលើកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅគ្រាដែលរូបនាងចូលឆ្លើយបំភ្លឺនៅចំពោះមុខនគរបាលយុត្តិធម៌។

ស្ត្រីត្រូវចោទ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី ឃាតកម្មគិតទុកជាមុន ដោយរៀបចំគម្រោងជាមួយសង្សារ បាញ់សម្លាប់ជនរងគ្រោះជាប្តី ឈ្មោះ រឿន រតនា កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្បែរមណ្ឌលឱកាសខ្ញុំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕


ចែករំលែកអត្ថបទ