Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សាហាវមែន! តាមពិតឃាតករបាញ់សម្លាប់គ្រូបង្រៀនប្រពន្ធរួមគំនិតជាមួយ​សា​ហាយ​

ភ្នំពេញ​ ៖ ករណី​លោកគ្រូ​បង្រៀន​ម្នាក់ ​ត្រូវ​បាន​គេ​បាញ់សម្លាប់​កាលពី​កណ្តាល​អធ្រាត្រ​ ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ ​នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​នោះ ឥឡូវនេះ​ប៉ូលិស​ស្រាវជ្រាវ​ចាប់បាន​ឃាតក​ឃើញ​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែសីហា​នេះ ដែល​ជា​ឃាតក​គឺ​នាង​ជា​ប្រព​ន្ធ​របស់​សព​បាន​ជួល​ឃាតក​ជា​បក្ខ​ពួក​សម្លាប់​ តែ​ជនដៃដល់​កំពុង​រត់គេច​ខ្លួន​។​

ជនជាប់ចោទ​ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ខាងលើ ឈ្មោះ ឃឿន ស៊ី​ហ៊​ន ហៅ​ស៊ី​ ហ៊​ន ភេទ​ស្រី​អាយុ​២៦​ឆ្នាំ គ្មាន​មុខរបរ​ស្នាក់នៅ​ជា​មួយ​ប្តី​(​សព​ឈ្មោះ រឿន រតនា​) ​នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ក្បែរ​កន្លែងកើតហេតុ​ខាងលើ។

​ជនសង្ស័យ​ឈ្មោះ ឃឿន ស៊ី​ហ៊​ន ត្រូវ​បាន​ចាប់ខ្លួន​ក្រោយពេល​ប៉ូលិស​ជំនាញ​ព្រហ្មទណ្ឌ​បាន​ធ្វើ​ការ​ស៊ើបសួរ​ស្រាវជ្រាវ​អ្នកជិត​ខាង​រួម​ទាំង​សាច់ញាតិ​ខាង​ជន​រងគ្រោះ​(​សព​)​បានដឹង​តម្រុយ​មក​ថា កន្លងមក​ជនសង្ស័យ​ជា​ប្រព​ន្ធ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ជាមួយ​ប្តី (​ជា​ជនរងគ្រោះ​) ក៏​ហៅ​មក​សាកសួរ ដេញដោល​ជា​ច្រើន ចំណុច​គួរ​ឲ្យ​សង្ស័យ​ដំបូង​នាង​បាន​កុហក​ប៉ូលិស​ថា ជនរងគ្រោះ​មកពី​ផ្ទះ​មិត្តភក្តិ​ស្រី នៅ​ព្រែកលៀប ប៉ុន្តែ​បងប្អូន​ខាង​ជនរងគ្រោះ​ថា ជនរងគ្រោះ​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុកកំណើត​ភូមិ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល ទៅវិញ​។

ទី​បញ្ចប់​នាង​ជនសង្ស័យ​ជា​ប្រព​ន្ធ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា នាង​ជា​អ្នក​រៀបចំ​ផែនការ​បាញ់សម្លាប់​ប្តី​របស់​ខ្លួនឯង ​ដោយសារ​ជនរងគ្រោះ​ជា​ប្តី​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ទើប​នាង​សម្រេចចិត្ត​ដូច្នេះ​។ នាង​បាន​បញ្ជាក់​ថា កន្លងមក​ប្តី​របស់​នាង (​សព​) មាន​ទំនាស់​ជាមួយ​នាង​រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយក៏​ធ្លាប់​បាន​ទំនាស់​ពាក្យសំដី​គ្នា​ជាមួយ​ឈ្មោះ មករា ជា​អតីត​មិត្ត​ប្រុស​របស់​នាង​ផងដែរ ​ទើប​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៩ នាង​បាន​ទូរស័ព្ទ​ណាត់​ជួប​គ្នា​រៀបចំ​ផែន​ការ​បាញ់សម្លាប់​ប្តី​ខ្លួន​ដោយ​ឲ្យ​បក្ខពួក​មិត្ត​ប្រុស​(​សា​ហាយ​)​ឈ្មោះ មករា មាន​កាំភ្លើង​ជា​អ្នកធ្វើ​សកម្មភាព​សម្លាប់​។

នាង​ជនសង្ស័យ​បាន​បន្តថា ​លុះ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ២០១៩ ខណៈ​ដែល​ប្តី​នាង​បាន​ទៅ​បុណ្យ​នៅឯ​ស្រុកកំណើត ភូមិ​ស្វាយជ្រុំ ស្រុ​ក​ខ្សាច់កណ្តាល ខេត្តកណ្តាល នាង​ក៏​បាន​ទូរស័ព្ទ​ឲ្យ សហាយ ត្រៀម​រៀបចំខ្លួន​ធ្វើ​សកម្មភាព ដោយ​នាង​បាន​ទូរស័ព្ទ​បង្ខំ​ប្តី​ឲ្យប្រញាប់​មក​ផ្ទះ ហើយ​ប្តី​របស់​នាង (​សព​)​បាន​​ប្រាប់​នាង​ថា ម៉ោង១១​យប់​ទៅដល់​ហើយ នៅ​ពេល​នោះ​នាង​បាន​ទូរស័ព្ទ​ឲ្យ​ឈ្មោះ មករា ចាំ​ផ្លូវ​លុះ​ពេល​ជនរងគ្រោះ​មកដល់​កន្លែង​ស្ងាត់​ជិត​មណ្ឌល​ឱកាស​ខ្ញុំ ក៏​បាញ់សម្លាប់​តែ​ម្តង​រួច​ជិះ​គេចខ្លួន ដោយ​ក្រោយពេល​បាញ់សម្លាប់​រួច​ឈ្មោះ មករា បាន​ទូរស័ព្ទ​មក​ប្រាប់​នាង បាញ់សម្លាប់​រួចរាល់​បានសម្រេច​ហើយ រួច​បិទ​ទូរស័ព្ទ​និង​គេចខ្លួន​បាត់​រហូត​មក​ដល់ពេលនេះ​។

នៅ​កន្លែង​កើតហេតុ​ប៉ូលិស​បានឃើញ​សំបក​គ្រាប់កាំភ្លើង​ខ្លីម៉ាក​K54 ចំនួន​០១​គ្រាប់ ហើយ​នៅលើ​ដងខ្លួន​សាកសព​ជនរងគ្រោះ​មាន​ស្នាមរបួស​ចំនួន​២​ក​ន្លែ​ង​ចំ​ត្រង់​ក្រោម​ឆ្អឹងជំនី សងខាង ដួល​ស្លាប់​នៅ​លើ​ផ្លូវ​ក្បែរ​ម៉ូតូ​ម៉ាក​ស្កូ​ពី​ ដែល​ជន​រង​គ្រោះ​ជិះ​។

​ប៉ូលិស​បាន​កំពុង​ស្រាវជ្រាវ​សាវតា​ជនសង្ស័យ​ឈ្មោះ មករា នោះ ដើម្បី​តាម​ចាប់​ខ្លួន​យក​មក​ផ្តន្ទាទោស​តាមច្បាប់​បន្ត​ទៀត ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​និង​ក្រុម​គ្រួសារ​៕

ចែករំលែកអត្ថបទ