Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចម្រុះចាប់ជនជាតិចិនច្រើននាក់​សង្ស័យករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៉ីនធឺណេត

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ អគ្គស្នងការ​នគរបាលជាតិ ចុះបង្ក្រាបនិងឡោមព័ន្ធអាគារអាផាតមិន២ទីតាំងផ្សេងគ្នា​ ឃាត់ខ្លួនជនជាតិចិនជាច្រើននាក់។
ប្រតិបត្តិការនេះធ្វើឡើង​ ចាប់តាំងពីម៉ោង​៣​រសៀល រហូតដល់ម៉ោងជិត៩យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅចំនុចអាគារអាផាត​មិនលេខ១៩៤ ផ្លូវ៤៣០ ភូមិ៤ក្រុម២១ សង្កាត់​ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ និងទីតាំងមួយ​កន្លែងទៀត នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ដូចគ្នា ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ មានកម្លាំងសមត្ថកិច្ចចម្រុះនៃអគ្គស្នងការនគរបាលជាតិ​ និង​មាន​ការចូលរួមពីនាយកដ្ឋានប្រឆាំងបទល្មើស​បច្ចេកវិទ្យា ការិយាល័យកណ្តាលសន្តិសុខ សហការ ជាមួយនគរបាលអន្តោប្រវេសន៍ និងនគរបាលមូលដ្ឋាន ។
សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិន១០​នាក់ និងដកហូតកុំព្យូទ័រ​ ជាច្រើនគ្រឿង​នៅ​សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ចំណែកឯ​នៅសង្កាត់ទួលស្វាយព្រៃ១ខណ្ឌបឹង​កេង​កង បានជាច្រើននាក់បន្ថែមទៀត ដោយការចុះបង្ក្រាបក្រុមជនសង្ស័យនេះ គឺមានដីកាចាប់ខ្លួនរបស់នគរបាលចិន ។

តែទោះជាយ៉ាងណា សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់ថា​ ការចុះបង្ក្រាបជនជាតិចិននេះជាករណីអ្វីឲ្យប្រាកដនៅឡើយទេ​ ប៉ុន្តែប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុបានបង្ហើបថា គឺជាករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៉ីនធឺណេត ៕

ចែករំលែកអត្ថបទ