Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តមិនស្គាល់ម៉ាកបើកបុកបុរសម្នាក់​ស្លាប់​គួរ​ឲ្យ​សង្វេករួចបើកគេចបាត់

ភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាក​បើិកបុកពេញទំហឹង ស្លាប់យ៉ាងអាណោច​អធម៌​ ៖​ គ្រោះថ្នាក់ចរាចរណ៍កើតឡើងកាល​ពីវេលាម៉ោង២ និង១០នាទីរំលងអាធ្រាត​ចូលថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៦១ កែងផ្លូវលេខ១៥៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

សពជនរងគ្រោះមានឈ្មោះ​ សៀង ដារិទ្ធ ភេទប្រុស ជិះម៉ូតូម៉ាក ស៊ុយសុគីនិក ពណ៌ស ស្លាកលេខ ភ្នំពេញ 1DE-4544 ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញ ជន​រងគ្រោះ​ ជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមផ្លូវ​លេខ១៥៦ទិសដៅពីកើតទៅលិច​ក្នុងល្បឿន​ល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ មិនប្រយត្ន័ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះចំពីចហៀងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះផ្លោងអូសជាង១០ម៉ែត្រ ស្លាប់ភ្លាមៗនៅនិងកន្លែង រីឯម៉ូតូបានអូសជាង៤០ម៉ែត្របានរងការខូចខាត ។

ក្រោយកើតហេតុភ្លាមៗរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ គឺបានព្យាយាមបើកគេចបាត់ស្រមោល ។ បន្ទាប់មកសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកចាំប្រគល់ឲ្យសាច់ញាតិ​នៅពេលក្រោយ។ ចំណែកសពជនរង​គ្រោះ​ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកយក​ទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យ៕