Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ថ្ងៃស្អែកតុលាការប្រកាសសាលក្រម សំណុំរឿង​ លោក​ ឡាយ​ វណ្ណៈ​ អតីតអភិបាលខេត្ដតាកែវ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះ​ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូង​រាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿង​ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង បក្ខពួក៣នាក់ ករណីសម្លាប់ស្រីកំណាន់ នាង ចេវ សុវឌ្ឍនា ក្រោយបានបញ្ចប់សវនាការកាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ ។

ក្នុងពេលសវនាការ កន្លងទៅ ជនជាប់ចោទ ឡាយ វណ្ណៈ បដិសេធថាពុំបានសម្លាប់ស្រីកំណាន់នាង ចេវ សុវឌ្ឍនា ទេ ដោយសុំឱ្យតុលាការរកយុត្តិធម៌ ។

ជាការកត់សម្គាល់ ជនជាប់ចោទ ឡាយ វណ្ណៈ ហ៊ានស្បថចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថា”បើខ្ញុំបានសម្លាប់សង្សារមែនសូមឱ្យវត្ថុស័ក្តិសិទ្ធិបរាមុខខ្ញុំឲ្យខ្ញុំ និងប្រពន្ធកូន​ស្លាប់តៃហោង និងធ្លាក់នរក៩ជាន់អត់ចាប់ជាតិទៅចុះ”។ ប៉ុន្តែមន្ត្រីជំនាញ រកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារអំពើឃាតកម្ម មុនឃាតកយកសពទៅព្យួ​ ជាប់បង្អួច ។

ករណីឃាតកម្មនេះ ដំបូងឡើយត្រូវបាននគរ​បាល​ខេត្តតាកែវសន្និដ្ឋានថាជារឿងអត្តឃាត​ ព្រោះតែវិបត្តិស្នេហា ។ ប៉ុន្ដែក្រោយពីបើកការ​ស្រាវជ្រាវសមត្ថកិច្ចជំនាញរបស់នាយក​ដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានរកឃើញ​ថាករណីនេះ មិនមែនជារឿងអត្តឃាតឡើយ ពោលគឺជារឿងឃាតកម្មដោយមានអ្នកបញ្ជានិងរៀបចំទុកសម្លាប់ជនរងគ្រោះ។

លោក ឡាយ វណ្ណៈ , លោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ត្រូវជា​បងប្រុសបង្កើតលោក ឡាយ វណ្ណៈ ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្មប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់​រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ បទឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។

ដោយឡែកឈ្មោះ ម៉េន សាម៉ៃ អាយុ៣៦ឆ្នាំ និងឈ្មោះ ជឹម វុធ អាយុ៤១ឆ្នាំ ជាប់ចោទពីបទលាក់បំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ ៕