Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ឆក់ទូរសព្ទ័បានសម្រេច តែរត់មិនរួចត្រូវម្ចាស់ដេញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យ២នាក់​ ជិះម៉ូតូធ្វើសកម្ម​ភាពឆក់ទូរសព្ទ័ពីបុរសម្នាក់បានសម្រេច​ នៅ​ចំណុចក្បែរវិហារចិនទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា រួច​ព្យាយាមជិះគេច​ តែត្រូវបុរសរងគ្រោះជិះម៉ូតូដេញតាមរហូតមកដល់ផ្លូវR6(រ៉ារទេះភ្លើង)សង្កាត់ស្រះចក​ ​ត្រូវប្រជាពលរដ្ឋជួយចាប់បានវាយម្នាក់មួយដៃមួយជើងទ្រោមខ្លួន
-ហេតុការនេះកើតឡើងកាលពីវេលាម៉ោង​៨និង៣០នាទីយប់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០​១៩ នៅចំណុចក្បែរវិហារចិនទឹកថ្លា ក្នុងសង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ទី១​ ៖​ មានឈ្មោះ​ មាស បូណា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់​នៅ​ផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មាន​ជ័យ​ -​ ទី២ ឈ្មោះ ឡោ ចំណាន ភេទប្រុស អាយុ២០ឆ្នាំស្នាក់នៅផ្ទះជួលចំការដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​ ម៉ូតូជិះធ្វើសកម្មភាពម៉ាក ហុកដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់​ស្លាកលេខ កំពត 1L-8498 ។ ចំណែកជន​រងគ្រោះមានឈ្មោះ កង វិបុល ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល មុខវិហារចិន ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បើតាមសម្ដីបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូតាមផ្លូវ៥៥៥បំណងមកផ្ទះ ខណៈមកជិតដល់ផ្ទះត្រង់ចំណុចវិហារចិន​ ទឹកថ្លាស្រាប់​ តែជន​សង្ស័យ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពឆក់ទូរ​សព្ទ​ដៃរបស់គាត់​បានសម្រេច ហើយព្យាយាមជិះគេចខ្លួន តែ​ភ្លាមៗគាត់បានជិះម៉ូតូដេញតាមស្រែកថា​ចោរៗរហូតមកដល់ផ្លូវ​R6(រ៉ារទេះភ្លើង) ធ្វើឲ្យជនសង្ស័យដួលម៉ូតូ ក៏មានប្រជាពលរដ្ឋជួយចាប់និងស្វាគមន៍ម្នាក់​មួយដៃ មួយជើង ឡើងទ្រោមខ្លួន ទើបសមត្ថកិច្ចនគរបាល​ប៉ុស្ដិ៍រដ្ឋបាលស្រះចក ចុះមកឃាត់ខ្លួនយក​ទៅសាកសួរ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យរួចរាល់ ទើបដឹងថា ករណីឆក់កើតឡើងនៅសង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រួចក៏ទាក់ទងទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលទឹកថ្លា ឲ្យមកទទួលជនសង្ស័យទាំង២នាក់ និងជនរងគ្រោះ យក​ទៅបន្តតាមនីតិវិធី ៕

ចែករំលែកអត្ថបទ