សន្តិសុខ​សង្គម

ចិន​ បើករថយន្តឆ្លងផ្លូវរថភ្លើងមិនប្រយ័ត្នត្រូវរថ​ភ្លើង​បុកខ្ទេចមួយចំពីចហៀង

ភ្នំពេញ៖ បុរស​ ជនជាតិចិន​ ម្នាក់រួមដំណើរជា​មួយនិងនារីវ័យក្មេង​២​នាក់ បានបើករថយន្ត​ឡិចសុីស​ មួយគ្រឿង​ ឆ្លងកាត់ផ្លូវរថភ្លើងមិនប្រយ័ត្ន​ ត្រូវរថភ្លើងបុកចំពីចហៀងពេញ​ទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយចំហៀងសំណាងល្អមិនមានមនុស្សរងរបួស ។
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យញាក់សាច់នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១០​នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវដែកផ្សារដី​ហុយ (តាមផ្លូវហាន់ណូយ) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ មានរថភ្លើងមួយគ្រឿងបើកបំណងឆ្លងកាត់ផ្លូវហាន់ណូយ​ដោយ​​មានអ្នកប្រចាំការជួយឲ្យសញ្ញាសម្រាប់​រថភ្លើងឆ្លងកាត់ តែមិនបានទាញប៉ារ៉ាស់ទំលាក់នោះទេ ដល់ពេលរថភ្លើងឆ្លងកាត់ ក៏មានរថយន្តម៉ាក ឡិចសុីស RX300មួយគ្រឿង​ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2T-4519 បើកបរដោយបុរសម្នាក់ជាជនជាតិចិន​ សង្ស័យស្រវឹងស្រា​ និងមាន​នារីជាជនជាតិខ្មែរ២នាក់រួមដំណើរជាមួយបានបើក​ ឆ្លងកាត់មិនបានប្រយ័ត្ន ក៏ត្រូវរថភ្លើងបុកចំពី​ចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទៀតចេញពីផ្លូវរថភ្លើងប្រហែល១០ម៉ែត្រ រងការខូចខាត​មួយចំហៀងយ៉ាងដំណំ ចំណែករថ​ភ្លើងមិនមានការខូចខាតអ្វីនោះទេ​ សំណាងល្អមិនមានអ្នកណាម្នាក់រងរបួស​ ។

ក្រោយកើតហេតុ ភាគីខាងរថយន្តដែលរងការខូចខាតសុំយករថយន្តរបស់ខ្លួនយកទៅជួសជុលដោយខ្លួនឯង តែភាគីខាងរថភ្លើងមិនយល់ព្រម ព្រោះគិតថាខ្លួនឯងត្រូវ ក៏សុំឲ្យសមត្ថកិច្ចជំនាញយករថយន្តទៅរក្សាទុក​នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង​ចាំដោះស្រាយនៅពេលក្រោយ ៕