Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ជនជាតិបរទេសម្នាក់សង្ស័យខ្យល់(គ)អង្គុយ​ស្លាប់នៅក្នុងហាង(ដឹ ផាប់)បង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ បុរសជនជាតិអង់គ្លេសវ័យ៥៤ម្នាក់​មកចូលអង្គុយផឹកនៅក្នុងហាងយីហោ(ដឹ ផាប់) មិនទាន់បានផឹកផង​ស្រាប់តែដង្ហក់ដាច់ខ្យល់ស្លាប់ភ្លាមៗ​នៅនឹងកន្លែង ។
ហេតុការ​ណ៍នេះបានបង្កការភ្ញាក់កាលពី​វេលា​ម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២ ខែ​កក្កដាឆ្នាំ២០១៩​ នៅផ្ទះលេខ៤៤​ តាមបណ្ដោយផ្លូវលេខ១៧៤​ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបានធ្វើដំណើរដោយថ្មើរជើង តាមបណ្តោយផ្លូវ១៧៤ទិសដៅពីលិចទៅកើត មករកអង្គុយផឹកនៅក្នុងហាងខាងលើ តែមិនទាន់ទាំងបានផឹកផង​ស្រាប់តែអង្គុយដង្ហក់ដួល​ ភ្លាមៗ​នោះ​ ម្ចាស់ហាងបានទំនាក់ទំនងទៅខាង​រថយន្តសង្គ្រោះ​ ដើម្បីមកយកជនរងគ្រោះ ស្រាប់​តែ​មួយសន្ទុះក្រោយមក ជនរងគ្រោះបាន​ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

បន្ទាប់ពីមានហេតុការណ៍ខាងលើកើតឡើងខាងម្ចាស់ហាងបានទំនាក់ទំនងទៅសមត្ថកិច្ច​​មូលដ្ឋាន​ និងជំនាញឲ្យចុះមក ត្រួតពិនិត្យរួចធ្វើកោសល្យវិច្ច័យ​ ទើបដឹងថាជាករណីខ្យល់គ រួចយកសព ទៅរក្សាទុកនៅសាលតម្កល់សពមន្ទីពេទ្យរុស្ស៊ីរង់ចាំក្រុមគ្រួសារ​មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ