Friday, December 13, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្តម យន្ត មីន ថ្លែងអំណរគុណចំពោះមន្ត្រីតាមមន្ទីរអង្គភាពទាំងឡាយដែលបានខិតខំធ្វើអោយខេត្តព្រះសីហនុ មានការអភិវឌ្ឍន៍ ប្រជាជនមានជីវភាពធូធារ និងបានផ្តាំផ្ញើមន្ត្រីទាំងឡាយត្រូវខិតខំបំរើប្រជាជនដោយស្មោះត្រង់និងយកច្បាប់ជាគោល

ខេត្តព្រះសីហនុ៖ ការផ្តាំផ្ញើនេះបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនាឆ្នាំ២០១៩និងលើកទិសដៅការងារសម្រាប់ខែកក្កដានារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ មុនពេលដែលឯក ឧត្តម យន្ត មីន ត្រូវបានផ្លាស់ទៅទទួលតំណែងថ្មីនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ បន្ទាប់ពីមានឧប្បទ្ទវហេតុការបាក់រំលំអគារកំពស់៧ជាន់មួយក៏បានកើតឡើងនិងបានបណ្តាលអោយ មានមនុស្សស្លាប់និង របួសរហូតដល់៥៤នាក់នៅកណ្តាល ក្រុងព្រះសីហនុ។ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសម្រេចចិត្ត សុំលាលែងពីតំណែង និងមានការសោកស្តាយជាខ្លាំងចំពោះឧប្បទ្ទវហេតុដ៏សោកសៅដែលបានកើតមាន និងការមិនអាចគ្រប់គ្រងដឹកនាំមន្ត្រីរអោយបំពេញការងារបានល្អនាំអោយកើតមានរឿងអកុសលបែបនេះ។

ឯកឧត្តម បានបង្ហាញអារម្មណ៍សោកស្តាយបំផុតចំពោះសោកនាដកម្មនៃការបាក់រំលំអគារនេះ។
ឯកឧត្តម យន្ត មីន យល់ឃើញថា ការបាក់រំលំអគារនេះទំនងជាអាចនាំអោយមានផលប៉ះពាល់ខ្លះដែរចំពោះដំណើរការវិនិយោគ នៅខេត្តព្រះសីហនុ ព្រោះអ្នកវិនិយោគនិងភ្ញៀងទេសចរ អាច មានការព្រួយបារម្ភខ្លះក្នុងរយៈពេលមួយ។តែឯកឧត្តម មានរំពឹងថាអ្វីៗនឹងប្រសើរឡើងវិញនៅពេលខាងមុខ ហើយខេត្តនេះនឹងកាន់តែរីកចម្រើនថែមទៀត។ឯកឧត្តម យន្ត មីន បានថ្លែងអំណរគុណចំពោះមន្ត្រីតាមមន្ទីរអង្គភាពទាំងឡាយដែលបានខិតខំព្រមទាំងបានគាំទ្រការដឹកនាំរបស់លោករយៈពេលជិត៤ឆ្នាំកន្លងមកនេះ បានធ្វើអោយខេត្តព្រះសីហនុ មានការអភិវឌ្ឍ ជីវភាពប្រជាជន បានធូធារដូចសព្វថ្ងៃនេះនិងបានផ្តាំផ្ញើមន្ត្រីទាំងឡាយត្រូវខិតខំបំរើប្រជាជនដោយស្មោះត្រង់និងយកច្បាប់ជាគោល។

មុនពេលឯកឧត្តម យន្ត មីន ត្រូវផ្ទេរចេញទៅ លោកបានផ្តាំផ្ញើជាចុងក្រោយដល់មន្ត្រីរបស់លោកអោយយកចិត្តទុកដាក់លើ ចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១. បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ ២.បរិស្ថាន(ការគ្រប់គ្រងសំណល់រឹង /រាវ) ៣.ពិនិត្យភាពស្របច្បាប់របស់ជនបរទេសមករកស៊ីនៅក្រុងព្រះសីហនុ ដើម្បីកុំអោយប្រជាជនថ្នើងថ្នាក់ ៤.ការគ្រប់គ្រងសំណង់ លោកស្នើអោយធ្វើអោយបានម៉ឺងម៉ាត់ស្របតាមច្បាប់ កន្លងមកមន្ត្រីហាក់មានការធ្វេសប្រហែសណាស់ ៥.បញ្ហាភាពអនាធិបត្តេយ្យដីធ្លី ត្រូវតែទប់ស្កាត់ដោះស្រាយអោយបាន។កើតមានក្នុង ដែនដីស្រុកណាស្រុកនោះទទួលខុសត្រូវ ៦.ស្នើរដ្ឋបាលក្រុង លៃលករៀបចំ street food (កន្លែងលក់អាហារតាមចិញ្ចើមផ្លូវអោយពលរដ្ឋលក់ដូរពេលយប់)៧.ការងារគ្រប់គ្រង អូរ ប្រឡាយ ត្រូវធ្វើអោយបានម៉ឺងម៉ាត់ទប់ស្កាត់ការរំលោភអោយបាន ៨.បន្តចុះពិនិត្យការធ្វើអាងប្រព្រឹត្តិកម្មតាមទីតាំងសំណង់ទាំងអស់ឡើងវិញ ៩.ពង្រឹងសេវាសាធារណៈជូនពលរដ្ឋអោយបានល្អ លឿន មានគុណភាព តម្លាភាព និងគណនីភាព ដើម្បីអោយប្រជាជនទុកចិត្តបាន ១០.យកចិត្តទុកដាក់ក្នុងការងារដោះស្រាយទំនាស់ដីធ្លីជូនប្រជាជន ១១.ពង្រឹងឯកសាររដ្ឋបាលអោយបានត្រឹមត្រូវច្បាស់លាស់ ១២.ការអនុវត្តការងារត្រូវយកច្បាប់ជាគោល។

គួររំលឹកថានៅថ្ងៃរាត្រីទាបភ្លឺថ្ងៃទី២២ខែមិថុនា២០១៩ អាគារគ្រោងដែកកំពស់៧ជាន់របស់ជនជាតិចិន មានទីតាំងនៅក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ត្រូវបានបាក់រំលំ បានបណ្តាលអោយកម្មករខ្មែរចំនួន២៦នាក់របួស និង២៨នាក់ទៀតបានស្លាប់ក្នុងគំនរអគារបាក់បែក ខណៈអ្នកជាប់ពាក់ពន្ធ័មួយចំនួនកំពុងចាត់ការតាមផ្លូវច្បាប់ ចំណែកមូលហេតុនៃការបាក់រលំកំពុងត្រូវបានស៊ើបអង្គេត ដោយក្រុមជំនាញ៕