ឯកឧត្តម ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ អញ្ជេីញជាអធិបតី​ ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯក យុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹក បានអញ្ជើញជាអធិបតី នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាហែលទឹក ជ្រើសរើសជើងឯក យុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ នៅពហុកីឡាដ្ឋានមរតកតេជា រាជធានីភ្នំពេញ។

ការប្រកួតថ្នាក់តំបន់ប្រព្រឹត្តិទៅរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០១៩​ នេះ មានការចូលរួមពី កីឡាករ កីឡាការិនីចំនួន ៤០៦រូប មកពី ១០ប្រទេសក្នុងអាស៊ីអាគ្នេយ៍ ក្នុងនោះកីឡាករកម្ពុជាមានចំនួន ២០រូប និងបរទេសមានចំនួន ៣៨៦រូប។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា​ នេះជាព្រឹត្តិការណ៍លក្ខណៈអន្តរជាតិ លើកដំបូងរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្រោយពីខកខានការរៀបចំតាំងពីឆ្នាំ១៩៦៦ ដែលពេលនោះ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកីឡា Games Ganefo អាស៊ីលើកទី១ ហើយការរៀបចំការប្រកួតនាពេលនេះ បានបង្ហាញពីការពង្រឹងទំនាក់ទំនង រឹតចំណងមិត្តភាព សាមគ្គីភាព និង ការស្វែងយល់ពីគ្នាទៅវិញទៅមករវាងបណ្តាប្រទេសនានា ក៏ដូចជាដើម្បីពង្រឹង សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យកម្ពុជាអាចត្រៀមលក្ខណៈរួចរាល់ដើម្បីធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតជ្រើសរើស ជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ នាឆ្នាំនេះ ដែលជាព្រឹត្តិការណ៍ថ្មីមួយទៀត ដើម្បីបង្ហាញមុខមាត់ និងការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ក្រោមដំបូលសុខសន្តិភាព ដែលកម្ពុជាទទួលបានដោយលំបាកលំបិនជាទីបំផុត។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះសហព័ន្ធអាស៊ីអាគ្នេយ៍ ក្រសួងអប់រំ យុវជន និងកីឡា សាលារាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សហព័ន្ធសហភាពយុវជនកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ គណៈកម្មការបច្ចេកទេសរបស់សហព័ន្ធ និងក្រុមហ៊ុនខ្មែរប្រ៊ូវើរីគ្រុប ដែលបានជួយសហការ ជ្រោមជ្រែង ចូលរួម និងឧបត្ថម្ភគាំទ្រ ដល់ការរៀបចំការប្រកួត នាពេលនេះ ព្រមទាំងជូនពរដល់កីឡាករ កីឡាការិនី ឱ្យមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យ ក្នុងការប្រកួត ដែលនឹងប្រព្រឹត្ត ក្នុងរយៈពេលដ៏ខ្លីខាងមុខ និងថ្ងៃបន្តបន្ទាប់៕

ចែករំលែកអត្ថបទ