Tuesday, April 16, 2024
Latest:
ព័ត៌មាន​ជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រារព្ធខួប៦៨ឆ្នាំ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងលោកជំទាវ បានអញ្ជើញចូលរួមប្រារព្ធខួប៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩) នៅមជ្ឍមណ្ឌលកោះពេជ្រ ដែលមានសមាជិកសមាជិកាចូលរួមជាច្រើនម៉ឺននាក់។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដ៏ធំនិងរឹងមាំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាគណបក្សតែមួយគត់ដែលបានរំដោះអាយុជីវិតពលរដ្ឋរាប់លាននាក់អោយរួចចាកផុតពីវាលពិឃាត កាលពីថ្ងៃទ ៧ មករា ១៩៧៩។ គណបក្សប្រជាជន បានរួមសុខរួមទុក្ខេជាមួយពលរដ្ឋអស់រយៈពេល៦៨ឆ្នាំហើយមកទល់ថ្ងៃនេះ ហើយនឹងនៅបន្តនៅជាប់កៀកជាមួយប្រជាជនយូរអង្វែងទៅមុខទៀតដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។

គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា “គណបក្សប្រជាជនបដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា។ ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខ។

នៅក្នុងថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប៦៨ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាជាប្រវត្តិសាស្រ្ត។ ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។ គណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យនូវដំណើរការសន្ដិភាវូបនីយកម្មប្រទេសជាតិតាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញនៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨មក។

គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានកំណើនខ្ពស់ប្រកបដោយចីរភាពផ្សាភ្ជាប់នឹងការបែងចែកធនធានប្រកបដោយសមធម៌ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ជំរុញការអភិវឌ្ឍវិស័យឯកជនអោយបានខ្លាំងក្លា ដោយចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច បង្កើនការងារ និងពង្រីកមុខរបរសម្រាប់ប្រជាជន ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍អំពីការដាក់ចេញនូវគោលនយោបាយដែលជំរុញឲ្យមានការអនុវត្តប្រកបដោយឆន្ទៈមោះមុតឥតរាថយនូវវិធានការកែទម្រង់ផ្ទៃក្នុងតាមបាវចនា២ គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យជាមួយគ្នា និងអភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់ សំដៅកែលម្អភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិធកម្មសេដ្ឋកិច្ចជាតិ បង្កលក្ខណៈងាយស្រួលក្នុងការវិនិយោគ ក្នុងគោលដៅធានានូវចីរភាពនៃកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងមានភាពធន់រឹងមាំសម្រាប់រយៈពេលវែងខាងមុខ និងបង្កើនបរិមាណការងារប្រកបដោយគុណភាពជូនប្រជាជន និងយុវជនកម្ពុជា។

សម្តេចតេជោបន្តថា កន្លងទៅនេះកម្ពុជាក៏បានអនុវត្តនូវក្រខណ្ឌគោលនយោបាលគាំពារសង្គមតាមរយៈការប្រើប្រាស់នូវបេឡាជាតិរបបសន្តិសុខសង្គម(ប .ស .ស)ជាពិសេសសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករកម្មការិនី ហើយថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានដាក់អោយអនុវត្តគោលនយោបាយផ្តល់សាច់ប្រាក់ដល់ស្ត្រីក្រីក្រ មានផ្ទៃពោះ ពេលសំរាលកូនរហូតដល់សម្រាលកូនបានអាយុ២ឆ្នាំ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រផងដែរ។

នៅក្នុងឱកាសថ្លែងទៅកាន់សមាជិកសមាជិការ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាបន្តខិតខំកសាង និងអភិវឌ្ឍប្រទេសកម្ពុជាអោយមានការរីកចម្រើនជាបន្តទៀតក្នុងរយៈពេលនៃអាណត្តិ ២០១៨-២០២៣ និង ខិតខំសម្រេចគោលដៅនៃការអភិវឌ្ឍគ្រប់វិស័យប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។ ទន្ទឹមនឹងនោះដែរ គណបក្សប្រជាជនកម្ពុជា នឹងបន្តពង្រឹងពង្រីកសេវាសង្គមកិច្ចសម្រាប់ក្រុមជនងាយរងគ្រោះ សំដៅលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅ និងបង្កលក្ខណៈអោយគេបានផ្សាភ្ជាប់ជាមួយនឹងចរន្តនៃការអភិវឌ្ឍ ហើយបន្តជំរុញការធ្វើសមាហរណកម្មកម្ពុជាជាមួយសហគមន៍អន្តរជាតិ ទំាងក្នុងក្របខណ្ឌតំបន់ និងក្នុងខណ្ឌពិភពលោក ដោយខិតខំទាញបង្កើនកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូអភិវឌ្ឍនានា។ គណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការថែរក្សាការពាររាល់សមិទ្ធផលសង្គមជាតិ ជាពិសេសគឺសន្តិភាព និងស្ថិរភាពនយោបាយដែលជាសមិទ្ធផលដ៏ធំធេងមិនអាចកាត់ថ្លៃបាន។

មុននឹងបញ្ចប់ការថ្លែងសុន្ទកថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរបងប្អូនជនរួមជាតិ ព្រមទាំងសមាជិកសមាជិកាគណបក្សទាំងអស់សូមជួបតែសេចក្តីសុខ និងចម្រុងចម្រើនគ្រប់ៗគ្នា។

នៅក្នុងឱកាសនោះដែរ មានភ្ញៀវជាតិ និងអន្តរជាតិ តំណាងគណបក្សនយោបាយ ព្រមទាំងអគ្គរដ្ឋទូត និងដៃគូអភិវឌ្ឍនៃបណ្តាប្រទេសជាច្រើនបានប្រគល់ជូនកន្ត្រកបាច់ផ្កាកិត្តិយស និងមិត្តភាពជូនដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តចពញាចក្រី ហេង សំរិន និងលោកជំទាវ ប្រកបដោយបរិយាកាសរីករាយអធិកធមក្រៃលែង។ ទន្ទឹមនឹងនោះក៏មានពិធីព្រលែងព្រាបសន្តិភាព និងបង្ហោះប៉េងប៉ោង សន្តិភាពដើម្បីអបអរសាទរខួបទី៦៨ ថ្ងៃកំណើត គណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៩៥១-២៨ មិថុនា ២០១៩) ប្រកបដោយសេចក្តីសប្បាយរីករាយ និងមោទនភាពក្រៃលែង៕

ចែករំលែកអត្ថបទ