Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

ជនជាតិកូរ៉េម្នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនតាមដីការបស់លោកព្រះរាជអាជ្ញា កែវ សុធា

ភ្នំពេញ៖ បុរជនជាតិកូរ៉េម្នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់​ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានី​ភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធរឿងចេញសែកគ្មានសាច់ប្រាក់។

បើតាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ផាក ហេយ៉ុង ភេទប្រុស ស្នាក់នៅអគារ ឌឺព្រីក(The Bridge)។

ប្រភពបានបង្ហើបថា ជនសង្ស័យឈ្មោះ ផាក ហេយ៉ុង ត្រូវបានឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ៣០៥ អយក ចុះថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩ របស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ និងជាតំណាងអយ្យការដែលភាគច្រើនគេឃើញកាន់តែសំណុំរឿង ឆបោកប្រាក់ ឬចេញសែកស្អុយ។

ជនសង្ស័យឈ្មោះ ផាក ហេយ៉ុង ត្រូវឃាត់​ខ្លួនពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍​ដែលអាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់) តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស៊ី ជីនលីន ( SHE JIAN LIN)។

ក្រោយសាកសួរ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នគរបាលបាននាំខ្លួនជនសង្ស័យឈ្មោះ ផាក ហេយ៉ុង ទៅ​ស្នងការនគរបាលរាជធានីភ្នំពេញវិញ រងចាំបន្តនីតិវិធីនាព្រឹកស្អែកទៀត។

សូមបញ្ជាក់ជូនថា​កាលព្រឹកថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី​ភ្នំពេញ ក៏បានដោះលែងជនសង្ស័យឈ្មោះ កាយ ម៉េង ដែលជាប់ពាក់ព័ន្ធករណី ឆបោកលុយ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ប្រមាណ ៧ម៉ឺន​ដុល្លារ។

ការដោះលែងនេះ ធ្វើឡើងបន្ទាប់ពីជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យឈ្មោះ កាយ ម៉េង បញ្ជូនទៅតុលាការ តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ​៣០២ អយក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ និងតំណាងអយ្យការ ដែលភាគច្រើនគេឃើញកាន់តែសំណុំរឿង ឆបោកប្រាក់ និងចេញសែកស្អុយ៕

ចែករំលែកអត្ថបទ