តូចចិត្តខ្លួនមានជំងឺប្រចាំកាយមើលមិនជាមកលោតទឹកសម្លាប់ខ្លួនចោលកូនស្រី
ភ្នំពេញ៖ ស្ត្រីមេម៉ាយម្នាក់តូចចិត្តនិងខ្លួនមានជំងឺប្រចាំកាយរាំរ៉ៃ សម្រេចចិត្ត មកលោតទឹកពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួនចោលកូនស្រីម្នាក់ឲ្យនៅកំព្រា
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី០៤ខែតុលាឆ្នាំ២០១៩ នៅចំនុចលើស្ពានជ្រោយចង្វារ ចាស់ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។
ស្ត្រីរងគ្រោះមានឈ្មោះ ហេន នាត អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅទី២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិព្រែកប្រណាកឃុំរាយប៉ាយស្រុកកងមាស ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញស្ត្រីរងគ្រោះដើរកាន់កាបូបមួយនៅលើស្ពានជ្រោយចង្វារមិនដឹងថា មានរឿងអ្វីនោះទេ រួចបានទុកកាបូបក៏ឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹកលិចបាត់ស្រមោល។ ប្រភពដ៏ដែលបានបន្តថា មានប្រជាពលរដ្ឋធ្វើដំណើរស្ទុះទៅជួយដែរតែជួយមិនទាន់ ។
បើតាមសម្ដីកូនស្រីរបស់ជនរងគ្រោះមានឈ្មោះ ខេង ស្រីឡា អាយុ២៣ឆ្នាំ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៣ខែតុលាឆ្នាំ២០១៩ ម្ដាយ របស់នាង បានចេញពីផ្ទះដោយមិនបានចាប់អារម្មណ៍នោះទេ លុះដល់ថ្ងៃទី៤នៅតែមិនឃើញម្ដាយមកផ្ទះខ្លួនក៏បានតេទូរសព្ទ័សួរ ស្រាប់តែម្ដាយប្រាប់ថា គាត់មកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារតែនាងមិនជឿ ។
នាងបានបន្តថា លុះដល់ម៉ោង០១រសៀលក៏មានប្រជាពលរដ្ឋតេប្រាប់នាងថា ម្ដាយរបស់នាងបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារបាត់ហើយ នាងនៅតែមិនជឿ។
នាងបន្តទៀតថា រហូតដល់ម៉ោង២រសៀល សមត្ថកិច្ចបានតេទៅប្រាប់ថា គាត់ជាសមត្ថកិច្ច សូមឲ្យនាងមកយកសម្ភារៈ ម្ដាយនៅប៉ុស្តិនគរបាលស្រះចក ៖ មានកាបូប,ទូរសព្ទ័,និងសំបុត្រពេទ្យទើបដឹងថាម្ដាយស្លាប់មែន។
បច្ចុប្បន្ន ស្ត្រីរងគ្រោះលិចបាត់ក្នុងទឹកទន្លេរកមិនទាន់រកឃើញនៅឡើយទេ ៕