សន្តិសុខ​សង្គម

កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំប្រគល់ផ្ទះនិងចែកអំណោយមនុស្សធម៌ដល់គ្រួសារទីទ័លក្រចំនួន១០២គ្រួសារ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៨ ឯកឧត្តម សុខ លូ និងលោកជំទាវ ព្រមទាំងសហការី បាន ប្រគល់ផ្ទះចំនួន ២ខ្នង រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួន ព្រមទាំងថវិកាផ្ទាល់ខ្លួន និងចែកជំនួយមនុស្សធម៌ ដល់ប្រជាពលរដ្ឋទីទ័លក្រ ដែលកំពុងជួបការលំបាក ស្ថិតនៅឃុំតាំងក្រសាំង និងឃុំកកោះ ចំនួន១០២គ្រួសារ នៅស្រុកសន្ទុក កំពង់ធំ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែបានយកចិត្តទុកដាក់ គិតគូជានិច្ចនូវទុក្ខលំបាក់របស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទិសទី “ទីណាដែលបងប្អូនជួបនូវទុក្ខលំបាក ទីនោះសម្តេចតែងតែមានកាកបាទក្រហមកម្ពុជាជានិច្ច”។ ឯកឧត្តមបន្ថែមទៀតថា អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ គឺបានមកពីការប្រារព្ធធ្វើទិវា ៦ ឧសភា របស់កាកបាទក្រហមកម្ពុជា ដើម្បីគៀងគរថវិកា ពីសប្បុរជន អង្គភាព ក្រុមហ៊ុន និងជាអង្គការដៃគួ សង្គមស៊ីវិល។

ឯកឧត្តមបានបញ្ជាក់ថា ការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ គឺមិនមានការប្រកាន់នូវនិន្នាការនយោបាយ ពណ៌សប្បុរ ឬសាសនានោះឡើយ និងបានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំនុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងឆ្លើយទេចំពោះគ្រឿងញៀន ជាពិសេគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ចប់ខ្ចួន ។

គួរំលឹកដែរថា ការប្រគល់ផ្ទះនេះ គឺជាផ្ទះទី៥៩ ដែលមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងក្តាមុខ ១ជ្រុង ជញ្ជាំងសង្ក័សី៣ជ្រុង ប្រគល់ជូនគ្រួសារទីទ័លក្រ ប្តីឈ្មោះ ឈិន ទិន អាយុ៥០ ឆ្នាំ និងប្រពន្ធឈ្មោះ ប្រាក់ ពៅ អាយុ ៥៣ឆ្នាំ។ ចំណែកឯ ផ្ទះទី៦០ ប្រគល់ជូន គ្រួសារទីទ័លក្រ ប្តីឈ្មោះ ពៅ ណាត អាយុ៣៩ ឆ្នាំ ប្រពន្ធឈ្មោះ ឯម សំអាត អាយុ ៣៦ឆ្នាំ មានកូន៥នាក់ ផ្ទះទាំងពីរនេះ ឃុំតាំងក្រសាំង និងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងចែកអំណោយមនុស្សធម៌ ចំនួន ១០២គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ, ត្រីខ ១០កំប៉ុង, មី ១កេស, មុង ១, ភួយ ១, សារ៉ុង ១, ក្រម៉ា ១, និងរទេះសម្រាប់ជនពិការ ៣ គ្រឿងផងដែរ៕