Sunday, May 12, 2024
Latest:
ព័ត៌មាន​ជាតិ

ចាប់ខ្លួនមន្ដ្រីយោធាផ្កាយ១ម្នាក់និងប្រពន្ធ បោកលុយប្រជាពលរដ្ឋរាប់មុឺនដុល្លា

ភ្នំពេញ៖ លោក ឃួន សុវណ្ណ មន្ដ្រីយោធាផ្កាយ១​ មានតួនាទីជានាយករង អធិការដ្ឋាន នៃអគ្គបញ្ជាការ និងប្រពន្ធ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស តាមចាប់ខ្លួនបន្ទាប់​ពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជា​ច្រើន​ នាក់ ដែលរស់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយចោទប្រកាន់បោក​ប្រាស់លុយរាប់ម៉ឺនដុល្លារ ជាថ្លៃរត់ការឲ្យកូនចៅ​របស់ពួកគេ ចូលបម្រើការងាររដ្ឋបានជាដូចជា ទាហាន ប៉ូលីស និងគ្រូបង្រៀនជាដើម។

មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងប្រាប់​ បណ្ដាញព័ត៌មាន​នៅយប់ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០១៩នេះថា លោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ និងភរិយាឈ្មោះ ទ្រី ណាត ដែលប្រ​ភព​ព័ត៌មានខ្លះថាក៏ជាមន្ដ្រីនគរបាលម្នាក់ នៅ​ក្រសួងមហាផ្ទៃនោះ​ បានឃាត់ខ្លួននិងកំពុង​ ធ្វើការសួរនាំដើម្បីចាត់វិធានការតាម​ច្បាប់។

យោងតាមរបាយការណ៍ដែលទទួលបានពី​ប្រជាពលរដ្ឋជាច្រើន​នាក់ អោយដឹងថា​ ខ្លះចាញ់បោកចាប់ពី១,៥០០ដុល្លាររហូតដល់ជាង​៦,០០០ដុល្លារ ទៅលើបុគ្គលទាំងពីរនាក់​ប្ដីប្រពន្ធនេះ ដើម្បីឲ្យពួកគេរត់ការនាំកូនចៅ​របស់ខ្លួនឲ្យបានចូលធ្វើជានគរបាល​ រឺ​ ជា​ទា​ហាន ជាអាវុធហត្ថ និងគ្រូបង្រៀនជាដើម។ បើទោះបីទំហំទឹកប្រាក់មិនទាន់អាចបញ្ជាក់​ពិតប្រាកដ ប៉ុន្ដែចន្លោះពី១០ទៅ២០ម៉ឺន​ដុល្លារ ដែលពួកគេបានបោកប្រាស់ពីប្រជាពលរដ្ឋ។

យោងតាមប្រភពព័ត៌មានពីខេត្តកំពង់ធំ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋជាច្រើននាក់ ធ្លាក់ខ្លួនក្នុងអំពើឆបោកដោយ​សារពីរនាក់ប្ដីប្រពន្ធនេះ ព្រោះតែប្រជាពល​រដ្ឋស្គាល់ពួកគេធ្លាប់បានចុះចែកអំណោយ​ ជូនប្រជាជននៅតំបន់ដាច់ស្រយាលជា​ច្រើន​លើក ទើបជឿទុកចិត្ត និងបានពឹងពាក់យ៉ាងនេះទេ។

ប្រភពពីប្រជាពលរដ្ឋរងគ្រោះថាខ្លះបានលក់គោក្របី និងដីស្រែចំការ ដើម្បីយកលុយទៅឲ្យពួកគេទាំងពីរនាក់ប្ដីប្រពន្ធ រត់ការចូលបម្រើការងាររដ្ឋ ប៉ុន្ដែនៅទីបំផុតត្រូវចាញបោកគេ​ទៅវិញ៕