Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យម្ចាស់ស្រវឹងរថយន្តរេចង្កូតចូលផ្ទះប្រជាពលរដ្ឋផ្អើល​ទាំងយប់

ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត​Toyota​ព្រូស​ថ្មីស្រឡាង ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋពេញ​ទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់​ផ្អើលកាលពីវេលាម៉ោង០៩និង៥០នាទីយប់ថ្ងៃទី២០ខែមេសា​ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៤៣០ កែងនិងផ្លួវលេខ​៤៩២ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

-បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅ​ពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA Prius ពណ៌ផ្ទៃមេឃ គ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣០ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅខាងឆ្វេងដៃ បុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់ជញ្ចាំងផ្ទះនិងដំបូលរងការខូចខាតជាច្រើន ចំណែករថយន្តបង្កវិញ​ក៏រងការខូចខាតយ៉ាងដំណំផងដែរ តែមិនបង្កឲ្យមនុស្សណា​ម្នាក់រងរបួសនោះឡើយ ។

   បន្ទាប់ពីកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានទាក់ទង​ទៅ​សាច់ញាតិបងប្អូនយកម៉ូតូមកដឹកគេចចេញពីកន្លែងកើតហេតុ​បាត់ ដោយមិនបានដោះស្រាយ ឬសម្របសម្រួលជាមួយភាគីខាងម្ចាស់ផ្ទះឡើយ ។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងរួចបានទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើ​ការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕