ព័ត៌មាន​ជាតិ

លោក ថោង សារ៉ាត់ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត រឿងក្តីបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ

ភ្នំពេញ​៖​ លោក​ ថោង​ សារ៉ាត់​ អ្នក​មាន​ស្តុកស្តម្ភ​និង​អង្គរក្ស​៤នាក់​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែ​មីនា​ ឆ្នាំ​២០១៩​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ អស់​មួយ​ជីវិត​ ករណី​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ ថៅកែ​ស៊ីម៉ង់​សញ្ញា​ត្បូង​ ។

ជនជាប់ចោទ​មាន​ឈ្មោះ​ ទី១៖ លោក ថោង សារ៉ាត់ ជាមេក្លោង, ទី២៖ឈ្មោះ ស៊ាង វាសនា, ទី៣៖ឈ្មោះ មាស សម្បត្តិ, ទី៤៖ឈ្មោះ កុយ ចាន់ថុល និងទី៥៖ឈ្មោះ ឈុំ ចិត្រា។

គួរបញ្ជាក់ថា​ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េង ជឺ ដ៏កក្រើករាជធានីភ្នំពេញនេះ បានកើតឡើង កាលវេលាម៉ោង៧៖១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេល លោកឧកញ៉ាចុះពីរថយន្ត ឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការ​មន រាជធានីភ្នំពេញ។

ជុំវិញនឹងការប្រកាសសាលក្រមកាត់ទោសនេះគេសង្កេតឃើញមានសាច់ញាតិលោក​ ថោង​ សារ៉ាត​ នឹងសាច់ញាតិអង្គរក្សទាំង៤នាក់មកស្រែកទ្រហោយំនៅមុខសាលាដំបូងរាជធានីភ្នំពេញដើម្បីប្រឆាំងនឹងការប្រកាសសាល​ក្រម​របស់តុលាការហើយ​ក៏បានស្រែកសុំការអន្តរាគមន៍ដល់សម្តេច​តេជោ​អោយជួយផងដែរ៕