Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

លោកវរសេនីយ៍ទោ ម៉េង​ វិមានតារា​ ត្រូវប្រកាសតែងតាំងជាអធិការនគរបាលខណ្ឌមានជ័យ​

ភ្នំពេញ ៖ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្ដិជូនមន្ត្រីនគរបាលជាតិលោកវរសេនីយ៍ទោ ម៉េង វិមានតារា ឡេីងជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ​មានជ័យ ជំនួសលោក វរសេនីយ៍ឯក តេង ស៊ីណូ ដែលបាន​ចូល និវត្តន៍ ។
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អធិការនគរបាលខណ្ឌមានជ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វេីឡេីងនាព្រឹកថ្ងៃសុក្រ ១១កេីត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពីស្នងការរង នាយការិយាល័យ និងអធិការខណ្ឌទាំង១២ និងនាយប៉ុស្តិ៍ រដ្ឋបាល ព្រមទាំងប្រធានការិយាល័យជាច្រេីនរូបទៀត។
យោងតាម អនុក្រឹត្យ ស្ដីពី ការដាក់ឲ្យចូលនិវត្តន៍មន្រ្តីនគរបាលជាតិកម្ពុជា លេខ២៧ អនក្រ.តត ដែលធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានហត្ថលេខា និងត្រា សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដូចមានខ្លឹមសារខាងក្រោម ៖
មាត្រា ១ ៖ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចំនួន ០២រូប ដូចមានរាយនាមខាងក្រោម វីរសេនីយ៍ឯក សោម គឿន អត្តលេខ ០៩៧០ ។ ទី២ វីរសេនីយ៍ឯក តេង ស៊ីណូ អត្តលេខ ១៣០៦៩ ។
មាត្រា២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកស្ដីទីគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ នឹងសាម៉ីខ្លួនដែលមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
តាមប្រកាសស្ដីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ កាលពីល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំង លោកវរសេនីយ៍ទោ ម៉េង វិមានតារា អត្តលេខ ៦៣១០៨ អធិការរង ជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សូមជម្រាបថា ការតែងតាំងលោកវរសេនីយ៍ទោ ម៉េង វិមានតារា ជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីលោកវរសេនីយ៍ឯក តេង ស៊ីណូ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ៕

ចែករំលែកអត្ថបទ