Thursday, December 12, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធី “ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន”

ខេត្តស្វាយរៀង៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះដែរ នៅសាលប្រជុំអាគារ”ឃ”សាលាខេត្តស្វាយរៀង មានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្ដមអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ យុវជន ស.ស.យ.ក ខេត្ត យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបវត្តមាន៤៥០នាក់ ។

ឯកឧត្តម កឹង ឃន ស្នងការនគរបាលខេត្ត បានអាននូវរបាយការណ៍សង្ខេបស្តីពី ការបង្កាបង្រាបបទល្មើសគ្រឿងញៀន និងឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តបានអានសារលិខិតរបស់សម្តេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ថ្នាក់ដឹកនាំ មន្ត្រីនគរបាល កងរាជអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលបានសហការចូលរួមចំណែកយ៉ាងសកម្ម និងរស់រវើកលើកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាការងារដ៏ស្មុគស្មាញ ហើយសម្រេចបាននូវសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ទាំងការងារផ្សព្វផ្សាយ បង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន ជាពិសេសនៅក្នុងអំឡុងពេល នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នាពេលកន្លងទៅ។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនទៀតដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក គ្រឹះស្ថានអប់រំ និងម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ខារ៉ាអូខេ ក្លឹបកម្សាន្តក្នុងខេត្ត ត្រូវចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យកាន់តែមាន
សកម្មភាព និងមានវិសាលភាពទូលំទូលាយ និងប្រសិទ្ធភាពទ្វេឡើងថែមទៀត ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់អវិជ្ជមាន និងការគំរាមកំហែងនានា ដែលបង្កឡើងដោយគ្រឿងញៀនដូចជា៖
– ភិបាលក្រុង-ស្រុកជាប់ព្រំដែនត្រូវរៀបចំវេទិការភូមិឃុំមានសុវត្ថិភាពក្នុងផែនការប្រលងប្រណាំងមូលដ្ឋានសគ្មានគ្រឿងញៀន។
-គ្រប់អាជ្ញាធរពាក់ព័ន្ធត្រូវបន្តធ្វើការអប់រំផ្សព្វផ្សាយ ពីផលប៉ះពាល់នៃគ្រោះថ្នាក់ដែលកើតចេញពីគ្រឿងញៀន។
– វិស័យឯកជនត្រូវចូលរួមសហការក្នុងការផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
-ត្រូវពង្រឹងការអនុវត្តការត្រួតពិនិត្យនិងសុំការសហការពីម្ចាស់អាជីវកម្មគ្រប់ប្រភទដូចជាការស៊ីណូ ផ្ទះសំណាក់ សណ្ឋាគារ…ជាដើម ក្នុងការតាមដានបទល្មើសគ្រឿងញៀន។
-សមត្ថកិច្ចពាក់ព័ន្ធកុំពួន កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក និងកុំអន្តរាគមន៍..៕