Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

ប្លន់ម៉ូតូបានសម្រេចទៀតហើយនៅស្ទឹងមានជ័យទី១ដោយមិនរំខានដល់សមត្ថកិច្ចឡើយ

ភ្នំពេញ៖ ក្រុមចោរ២នាក់ ជិះម៉ូតូ​ ICON មួយគ្រឿង​ ធ្វេីសកម្មភាព​វាយប្លន់យកម៉ូតូ Suzuki Let’s ពីនារីវ័យក្មេង​រូបស្រស់ម្នាក់​ ខណៈពេលកំពុងជិះម៉ូតូចេញពីធ្វើការ ហេីយឌុបមិត្តភ័ក្តទៅផ្ទះ លុះដល់ពាក់កណ្ដាលផ្លូវ​ ស្រាប់តែជួប​ក្រុមចោរជិះមកបុកឲ្យដួល​ ហេីយវាយមួយដៃ រួចលេីកម៉ូតូជិះគេច​ខ្លួនបាត់ ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ១ ចេញអន្តរាគមន៍ឡើយ ។
ហេតតុការណ៍វាយប្លន់នេះ បានកើតឡើងកាលពីវេលា​ម៉ោង ៣និង០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០១៩ នៅផ្លូបេតុង ទល់មុខ​ក្លោងទ្វារវត្តសាមគ្គីរង្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីនារីរងគ្រោះ​ ឈ្មោះ​ ពន្ធ​ ដា​ អាយុ២៩ឆ្នាំ មុខរបរធ្វេីការរោងចក្រ ស្នាក់នៅក្បែរកន្លែងកេីតហេតុ​ មានស្រុកកំណេីតនៅខេត្តតាកែវ​ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុរូបនាង​និងមិត្តភ័ក្ត​ បាននាំគ្នាទៅរាំលេងកម្សាន្តនៅក្លឹបស៊ីធី លុះពេលចេញមកវិញ​ រូបនាងបានជិះម៉ូតូឌុបមិត្តភ័ក្តរបស់នាង ត្រលប់ទៅផ្ទះវិញតាមផ្លូវបេតុងជិតប៉ុស្តិ៍ទូរទស្សន៍​ បាយ័ន លុះមកដល់ផ្លូវកែងមុខក្លោងទ្វារចូលវត្តសាមគ្គីរង្សី ជិតដល់ផ្ទះហេីយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ ICON​ មួយគ្រឿង​​ (មិនចាំស្លាកលេខ) មិនដឹងជិះតាមមកពីណាទេ​ ដោយបិទភ្លើងម៉ូតូ​ រួចមកបុកម៉ូតូរបស់នាង​ បណ្ដាលឲ្យដួល​ ហេីយជនសង្ស័យម្នាក់​ ក៏លោតចុះមកធ្វេីសកម្មភាពវាយរូបនាងមួយដៃ​ ហេីយបានលើកម៉ូតូរបស់នាងជិះចេញទៅបាត់តែម្តង។ ម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅបាត់នោះ​ ម៉ាក Suzuki Let’s ស៊េរីឆ្នាំ២០១៥ ឡើងតែមស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ មិនចាំក្បាល ដឹងតែលេខកន្ទុយ (0481)​ ។

ក្រោយពេលក្រុមចោរធ្វើសកម្មភាពប្លន់យកម៉ូតូហើយបានគេចខ្លួនបាត់ស្រមោលអស់ទៅ​នារីជនរងគ្រោះបានទៅដាក់​ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដើម្បី​អោយ​សមត្ថកិច្ចជួយស្រាវជ្រាវ​ ហេីយក៏ត្រលប់មកបន្ទប់ជួលវិញ៕