Monday, December 9, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្តម អ៊ិត សំហេង​ ជប៉ុននឹងជួយពង្រឹងសមត្ថភាពបន្ថែមដល់ពលករកម្ពុជាលើផ្នែកសំណង់

ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យលោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនោះ លោក Yamada បាននាំវិនិយោទុនខាងក្រុមហ៊ុនសំណង់ផ្នែកត្រួតពិនិត្យដីដែលមានក្រុមហ៊ុនជាង ៤០០នៅជប៉ុន ដែលក្រុមហ៊ុននេះបានសិក្សាលើប្រភេទដី បង្កើតបាតគ្រឹះមុននឹងសាងសង់ និងយកសំណាកដីធ្វើការពិសោធន៍នៅប្រទេសជប៉ុន។ ក្រុមហ៊ុនសំណង់នេះបានបញ្ជូនពលករខ្មែរដែលអាចទៅធ្វើការផ្នែកសំណង់នេះជាង៣០០នាក់ហើយ នៅឯប្រទេសជប៉ុន ។ ពលករខ្មែរនឹងមានជំនាញពិតប្រាកដខាងផ្នែកសំណង់នេះ បន្ទាប់ពីគាត់ទៅធ្វើកម្មសិក្សានៅជប៉ុន ហើយនាំជំនាញនេះមកអភិវឌ្ឍវិស័យសំណង់នេះនៅកម្ពុជាវិញ ។ ជាមួយគ្នានេះដែរ លោក Yamada នឹងធ្វើយ៉ាងណាទាក់ទាញ អ្នកវិនិយោទុនជប៉ុនថ្មីៗអោយមកវិនិយោគនៅលើទឹកដីកម្ពុជាអោយកាន់តែច្រើនបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ពេញចិត្តនូវអ្វីដែលជាការលើកឡើងរបស់លោកប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលណែនាំអ្នកវិនិយោគផ្នែកសំណង់មកកម្ពុជា។

ឯកឧត្តមមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យសំណង់របស់កម្ពុជា កំពុងមានការរីកចម្រើនជាខ្លាំង ក្នុងនោះមានក្រុមហ៊ុនសំណង់របស់ជប៉ុន បានរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យសំណង់នេះផងដែរ។ ឯកត្តមថា៖«សំណង់មិនអាចប្រហែសបានទេ ប៉ះពាល់ដល់អាយុជីវិតរបស់មនុស្ស បើបច្ចេកទេសមិនល្អគឺមានហានិភ័យដល់ជីវិតរបស់មនុស្ស ដូច្នេះត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងរៀបចំដំណើរការសាងសង់អោយទៅតាមបទដ្ឋានស្តង់ដាសំណង់» ។

អង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន មានបំណងចង់បង្កើតភូមវិប្បធ៌មខ្មែរមួយនៅប្រទេសជប៉ុន ហើយសង្ឃឹមថាភាគីកម្ពុជានឹងឯកភាពតាមសំណើនេះ។ ភូមិវប្បធ៌មនេះ ជាការជួបប្រជុំគ្នារវាងប្រជាជនខ្មែរនៅជប៉ុនក្នុងការធ្វើពិធីបុណ្យផ្សេងៗតាមប្រពៃណី ម្យ៉ាងវិញទៀតសាច់ញាតិពលករ ឬពលរដ្ឋខ្មែរអាចទៅជួបប្រជុំនៅទីនោះបានដើម្បីបង្ហាញពីវប្បធ៌មរបស់ខ្មែរ។ ឆ្លើយតបទៅនឹងសំណើនេះ ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាពនូវការបង្កើតភូមិវប្បធ៌មនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជួបជុំសាច់ញាតិរបស់បងប្អូនពលករ និងប្រជាជនខ្មែរទូទៅនៅទីនោះ។

នៅក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងខែមិនា ក្នុង២០១៩នេះ កម្ពុជានឹងត្រូវចុះហត្ថលេខាជាមួយនឹងភាគីជប៉ុន នៅឯប្រទេសជប៉ុន លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីពលករជំនាញ។ ឯកឧត្តមរដ្ឋមន្ត្រីថា៖«ពលករដែលធ្វើការនៅជប៉ុន គឺមានចំនួន៩ពាន់នាក់ជាង សង្ឈឹមថា នៅឆ្នាំក្រោយនឹងមានការកើនចំនួនឡើងទ្វេរមួយជាពីរ ដូច្នេះ ពលករក៏ត្រូវការពេលវេលាក្នុងការបណ្តុះបណ្តាលអោយមានជំនាញច្បាស់លាស់ក្នុងការបំពេញកិច្ចការងាររបស់ពួកគេរឹតតែល្អប្រសើរថែមទៀត»។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងសហការ ជាមួយមន្រ្តីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។ ដោយជប៉ុន បានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មី សម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗ និងសម្រាប់អនុវត្តនៅអំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញនៅជប៉ុន៕