Tuesday, April 16, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

អាជ្ញាធរមានសមត្ថកិច្ចខណ្ឌ​បឹងកេង​កងហាក់​នៅ​តែបន្តបើកភ្លើងខៀវឲ្យទីតាំង​ណេតបង្កប់​ហ្គេមបាញ់ត្រី យីហោ(105)​ដំណើរ​ការ​ដូចជាមិន​ខ្វល់និងបទបញ្ជារបស់ថ្នាក់លើ

ភ្នំពេញ៖ ទីតាំងណេត​ យីហោ​(105)​មួយកន្លែងបង្កប់ហ្គេមបាញ់ត្រី កំពុងបើកទទួលក្រុមញៀនល្បែងទាំង​យប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ​ ចំណែកលោកអភិបាល និងអធិការ​ សង្ងំឈឹង​ ហាក់បីដូចមិនខ្វល់អំពី​បទបញ្ជារបស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈ​ រាជធានីភ្នំពេញ​ ។

បើតាមសេចក្ដីរាយការណ៍បានឲ្យ​ដឹងថា អុិនធឺណេតបង្កប់ហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនោះគឺ​ស្ថិត​នៅតាមបណ្ដោយផ្លូវ​លេខ​១០៥ក្នុងសង្កាត់ បឹង​កេងកងទី២ខណ្ឌបឹង​កេង​ កង រាជធានី​ភ្នំពេញ ។

គួរបញ្ជាក់ថាល្បែងស៊ីសងខុសច្បាប់​ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៩ចំណុច​ ដែលបានដាក់​ចេញដោយក្រសួងមហាផ្ទៃ ដើម្បី​ឲ្យអាជ្ញាធរមូល​ដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងអ៊ិនធឺណេតយីហោ(105បង្កប់ហ្គេមបាញ់ត្រី ខាងលើ​ កំពុងរងចាំមើល ចំណាត់ការរបស់លោក ធឹម សំអាន អភិបាល​ បឹងកេងកង និងលោក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ​បឹងកេង​កង តេីនឹងមានវិធានការច្បាប់ចំពោះបន​ល្បែង​ស៊ីសងមួយនេះដែរឬទេ? ។ ព្រោះល្បែង​ស៊ី​សងគឺជា​ដើមចម​ នាំឲ្យកើតមាននូវអំពើចោរ​កម្ម។

សូមរំលឹកថា​ កាលពីពេលថ្មីៗកន្លង​ទៅ នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន​ អគ្គស្នងការ​នគរ​បាលជាតិ​ បានថ្លែងអះអាង​ថា ចាប់ពីយប់រំលងអធ្រាត្រថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ទៅ​ល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទមិនឲ្យមាន ដំណើរ​ការតទៅទៀតឡើយ!
ប្រសិនបើបុគ្គលណាឬក្រុមហ៊ុនបន្តបើក​ទៀត​នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរ​មាន​ ! មហាជនរងចាំមើលអាជ្ញាធរខណ្ឌ​បឹង​កេងកង និងមានវិធានការ​យ៉ាងណាចំពោះ ទីតាំង​ណេតបង្កប់ល្បែង​ស៊ីសង​ហ្គេមបាញ់​ត្រី​ មួយកន្លែងយី​ (105)​ នៅតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់ បឹង​កេងកងទី២ ខណ្ឌ​បឹងកេង​កង​ ដែលកំពុងបើកទទួលក្រុម​អ្នកញៀនល្បែង​យ៉ាងអាណាធិបតេយ្យ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានី​ភ្នំពេញកាល​ពីព្រឹកថ្ងៃទី១៣ខែមករា ឆ្នាំ២០២០បាន​បើកកិច្ចប្រជុំគណៈ​បញ្ជាការឯកភាពរដ្ឋបាលរាជធានី​ភ្នំពេញក្រោម​ អធិបតីភាពលោក ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញនិងជា​ប្រធានគណៈបញ្ជាការឯកភាព​រដ្ឋបាលរាជធានី លោកអភិបាលរង​រាជធានី​ លោកឧត្ដមសេនីយ៍ស្នងការនគរ​បាលរាជធានី​ លោកឧត្ដមមេបញ្ជាការកងរាជ​អាវុធហត្ថរាជធានីភំ្នពេញ លោក​ព្រះរាជ​អាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនិងរដ្ឋបាលខណ្ឌទាំង ១៤។​

គួររំលឹកថាក្នុងកិច្ចប្រជុំនោះបានផ្តោតសំខាន់ទៅលើការកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការ​ បង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទ​គ្រឿងស្រវឹងនិងគ្រឿងញៀនខុស​ច្បាប់ក្នុងរាជធានីភ្នំពេញនិងជាពិ​សេសកិច្ច​ការការ​ពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀប​រៀបរយ​សាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានី​ភ្នំពញ​ ! តែ​ អាជ្ញាធរ​ មាន​សមត្ថកិច្ច​ ខណ្ឌ​បឹងកេងកង​ ហាក់នៅតែបន្តបើកភ្លើងខៀវ​ ឲ្យមាន​ទីតាំងល្បែងសុី​សង​ ​ដូចជាផ្គើននិងបទបញ្ជារបស់ថ្នាក់លើ​ ៕

ចែករំលែកអត្ថបទ