សន្តិសុខ​សង្គម

គ្រាន់តែផឹកសុីមើលមុខប្អូនស្រីម្ចាស់ហាងត្រូវបុគ្គលិកព្រួតវាយរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ៖ បុរស៣នាក់ត្រូវបុគ្កលិកហាងផឹកសុីមួយកន្លែងដែលមានយីហោ ភ្នំពេញសាច់អាំង PPQ នាំគ្នាព្រួតវាយដោយប្រើសោរច្រវ៉ាក់និងកែវស្រាបណ្ដាលអោយរងរបួសបែកក្បាលឈាមហូរស្រោចពេញខ្លួន ក្រោយពីផឹកសុីមើលមុខប្អូនស្រីម្ចាស់ហាងញឹកពេក។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង២០នាទីរំលងអាធ្រាន ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងផឹកសុី យីហោ ភ្នំពេញសាច់អាំងPPQ តាមបណ្ដោយផ្លូវលេខ១៣៦ ផ្សាយកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា ពួកគាត់ធ្លាប់ចូលមកផឹកសុីក្នុងហាងនេះជាច្រើនសារហើយ ហើយក្នុងចំណោមជនរងគ្រោះទាំង៣នាក់នេះក៏មានម្នាក់ជាបុគ្គលិកក្នុងហាងនេះដែរ ដែលបាននាំមិត្តភ័ក្រមកផឹកសុី ហើយក្រោយពីផឹកសុីចប់ពួកគាត់បានអោយគេគិតលុយរួចរាល់ព្រោះចង់ទៅបន្តមួយកន្លែងទៀត។ ប្រភពដដែលបន្តថា ក្រោយពីគិតលុយរួចពួកគាត់បាននាំគ្នាដើរចេញពីហាង តែគ្រាន់តែដើរចេញដល់ខាងមុខហាងស្រាប់តែក្រុមបុគ្គលិកនៅក្នុងហាងនាំគ្នាព្រួតវាយមានទាំងសោរច្រវ៉ាក់និងកែវស្រាបណ្ដាលអោយរងរបួសធ្ងន់ស្រាល៤នាក់។
បើតាមជនរងគ្រោះម្នាក់ទៀត ដែលជាបុគ្គលិកហាងនោះដែរបានអោយដឹងថា រឿងនេះគឺកើតចេញដោយគ្រាន់តែមិត្តភ័ក្ររបស់គាត់មើលមុខប្អូនស្រីរបស់ម្ចាស់ហាងទើបធ្វើអោយបុគ្គលិកហាងនោះបង្កហិង្សាមកលើពួកគាត់និងបណ្ដាលអោយរងរបួសទៀតផង។
ក្រោយពីបង្កហេតុ ក្រុមអ្នកបង្កនាំគ្នាចូលទៅខាងក្នុងហាងនិងទាញទ្វារបិតទៀតផង។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ និងហៅម្ចាស់ហាងដើម្បីធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់ហាងព្រមចេញថ្លៃព្យាបាលរបួសនិងជម្ងីចិត្តចំនួន៧០០ដូល្លារដើម្បីបញ្ចប់រឿងនិងធ្វើឯកសារបញ្ជាក់ថា មិនមានការគុំគួនគ្នាទៀតឡើយ៕