Tuesday, November 5, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្ដសាំងយ៉ុងបុកអូសម៉ូតូជាង៥០​ម៉ែត្របណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់ និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញ៖​ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់​ទៀតរងរបួសស្រាល ក្រោយពីជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លង​ផ្លូវ ត្រូវរថយន្ដសាំងយ៉ុងមិនស្គាល់ស្លាកលេខ បើកបុក​ពី​ចហៀងពេញទំហឹង រួចបើកគេចខ្លួនបាត់ ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលា​ម៉ោង០៩និង៣០នាទីយប់ ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩​នៅ​តាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចមុខក្រុមហ៊ុន​លក់រថយន្ត​ Mecerdez ភូមិទួលរកា​១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ ស៊ឹម​ សុម៉ារ៉ា អាយុជិត​៥០ឆ្នាំ​ មុខរបបគ្រូបង្រៀន រស់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

បើតាមសម្ដីស្ត្រីដែលរងរបួសស្រាលនិងអ្នកឌុបជនរងគ្រោះ ដែលស្លាប់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូគុបមូលមួយគ្រឿងដែលពាក់ ស្លាកលេខភ្នំពេញ 1AR-4903 បានឌុបស្ត្រីរងគ្រោះដែលស្លាប់ ធ្វេីដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចផ្លូវកែង៣០ម៉ែត្រ មុខក្រុមហ៊ុន​លក់រថយន្ត​ Mecerdez ជាកន្លែងកេីតហេតុ ក៏បានបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តសាំយ៉ុង​ពណ៌ស​ មួយគ្រឿង (មិនចាំស្លាកលេខ) បានបើកបរក្នុងទិសដៅពីត្បូងមកជើង( បញ្ច្រាស់ទិស) ក្នុងល្បឿនយ៉ាងលឿន​ បានបុកពីចហៀងពេញទំហឹងបណ្ដាលឲ្យគាត់ទាំង២នាក់ ផ្លោងខ្ទាតធ្លាក់ពីលើម៉ូតូជាង៥០ម៉ែត្រ​ ធ្វើឲ្យស្ត្រីដែលជិះពីក្រោយ បានខ្ទាតផ្លោងបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ និងម្នាក់ទៀតអ្នកដុបរងរបួសស្រាល ។ ភ្លាមនោះដែររថយន្តបង្កបានបើកគេចបាត់ស្រមោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ​ រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញ​មកវាស់វែង​ និងធ្វើកំណត់ហេតុប្រគល់សពស្ត្រីរងគ្រោះអោយទៅ​ធ្វើបុណ្យតាមប្រពៃណី​ ។ ចំណែកម៉ូតូយកទៅរក្សាទុកនៅ
អធិការដ្ឋានខណ្ឌមានជ័យ រងចាំយកឯកសារប្រគល់អោយវិញ​ និង​ស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយ​តាម​ ផ្លូវច្បាប់​ ៕