Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រសួង​ព័ត៌មាន​ ជំរុញឲ្យអ្នកសារព័ត៌មានចូលរួមទប់ស្កាត់ព័ត៌មានក្លែងបន្លំ

ភ្នំពេញ​៖មន្រ្ដីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​ បានជំរុញឲ្យអ្នកសារព័ត៌មានចូលរួមទប់ស្កាត់ព័ត៌មានក្លែងបន្លំ ខណៈ​ដែល​នាពេលកន្លងមក​ មានព័ត៌មានតាមបណ្តាញសង្គម ក៏ដូចជាស្ថាប័នផ្សព្វផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើអោយប៉ះពាល់​ និងមានការភ័ណ្ឌច្រឡំដល់សាធារណៈជន​ និងសង្គមផងដែរ។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលា​ ស្ដីពីការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា​ នាព្រឹកថ្ងៃទី​ ២៥​ខែតុលានេះ​ នៅទីស្នាក់ការថ្មីៗ​ក្នុងរាជធានី​ភ្នំពេញ​ ឯកឧត្តម​ មាស​ សោភ័ណ​្ឌ​ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានប្រសាសន៍ថា​ យើងសង្កេតឃើញថានាពេលកន្លងមកនេះ ក៏ដូចជានាពេលថ្មីនេះ តាមបណ្តាញសង្គម ក៏ដូចជាស្ថាប័នផ្សព្វផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មិនពិត​ និងបំប៉ោងព័ត៌មាន ដែលធ្វើអោយប៉ះពាល់គ្រប់វិស័យ​ ទាំងវិស័យនយោបាយ​ វិស័យសេដ្ឋកិច្ច​ វិស័យវប្បធម៌​ និងសង្គមជាដើម។

ឯកឧត្តម​បានបញ្ជាក់ថា​ បញ្ហាព័ត៌មានក្លែងបន្លំនេះ​ គឺជាបញ្ហារួមទាំងអស់គ្នា​ ទាំងអ្នកសារព័ត៌មាន​ ប្រជាពលរដ្ឋ​ និងស្ថាប័នរាជរដ្ឋាភិបាល​ ដោយត្រូវធ្វើការរួមគ្នា​ ដើម្បីដោះស្រាយ​ និងការពារទប់ស្កាត់ព័ត៌មានក្លែងក្លាយអោយកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម​បានបញ្ជាក់ថា​ រហូតមកដល់ពេលបច្ចុប្បន្ននេះ​ ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ​ ក្រសួងព័ត៌មាន​បានកំពុងរៀបចំ​ ប្រកាសរួមមួយដែលមាន​ ក្រសួងព័ត៌មាន​ ក្រសួងប្រែសណីយ៍​ ក្រសួង​មហាផ្ទៃ​ ដើម្បីត្រួតពិនិត្យ​ និងតាមដានទៅលើប្រភពនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ។
ឯកឧត្តម​បានអំពាវនាវ​ អោយអ្នកសារព័ត៌មាន​ និងអ៊ីឌីតទ័រទាំងអស់សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ​ ក្នុងការផ្សព្វផ្សាយព័ត៌មានដែលពិត​ និងមិនបំភ្លើស ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ​ និងសង្គមជាតិ។

​លោក លាង ដឺ​លុច អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ​បាន​លើកឡើងថា ក្នុងនាម​ជា​ស្ថាប័ន​សារព័ត៌មាន​មួយ​ដែលមាន​តួនាទី​សំខាន់​នៅក្នុង​ប្រទេសមួយ សារព័ត៌មាន​ថ្មីៗ​បាន​មើលឃើញ​ពី​ភាពចាំបាច់​ដែល​អ្នកកាសែត​ត្រូវមាន​ចំណេះដឹង និង​ពិសោធន៍​កាន់តែច្រើន​ទាក់ទង​នឹង​ការទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​បាតុភូត​ព័ត៌មាន​ក្លែងបន្លំ​ដែល​បង្ក​ឲ្យ​មាន​ចលាចល​នៅក្នុង​សង្គម។

លោក​បន្តថា ហេតុដូច្នេះ​ហើយ​បានជា សារព័ត៌មាន​ថ្មីៗ​ខិតខំ​ស្វែង​ការគាំទ្រ​ពី​ស្ថាប័ន​ផ្សេងៗ​ដើម្បី​ស្វែងរក​លទ្ធភាព​រៀបចំ​ធ្វើ​វគ្គ​បណ្តុះបណ្តាល​ដល់​អ្ន​ក​សារព័ត៌មាន​ស្តីអំពី​ព័ត៌មាន​ក្លែងបន្លំ​នេះ​។

សូមបញ្ជាក់ថា ប្រកាសរួមស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមដែលដំណើការតាមប្រព័ន្ធអ៊ីនធឺណែតនៅកម្ពុជាមាន១០ប្រការ។ ប្រការ២មានគោលដៅប្រឆាំងទប់ស្កាត់រាល់ការផ្សព្វផ្សាយ ឬការចែកចាយខ្លឹមសារព័ត៌មាន ឬជាអក្សរ សំឡេង រូបភាព វីដេអូ និងទម្រង់ផ្សេងៗទៀត ដែលមានចេតនាបង្កជាចលាចលបណ្ដាលអោយអន្ដរាយដល់វិស័យការពារជាតិ សន្ដិសុខជាតិ ទំនាក់ទំនងប្រទេសដ៏ទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈការរើសអើង និងវប្បធម៌ប្រពៃណីជាតិ៕

ចែករំលែកអត្ថបទ