Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្ដម​  បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង (ថ្ងៃ៨ ខែមិថុនា ឆ្នាំ២០២៣)៖

១. ប្រជាពលរដ្ឋគ្រប់អាជីព គ្រប់សាសនា និងគ្រប់ទីកន្លែង ជាពិសេសយុវជន បានយល់ដឹងអំពីស្នាដៃ និងបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា និងបានគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយក៏បានសម្រេចចិត្តជ្រើសរើសចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជារហូតជាង ៦ លាននាក់ នៅទូទាំងប្រទេស។ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ, ទិន្នន័យនៃអ្នកចេញទៅបោះឆ្នោត គឺបង្ហាញច្បាស់អំពីអត្រាដ៏ច្រើនលើសលប់នៃការគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការគោរពនូវតួនាទីជាពលរដ្ឋល្អ ដែលត្រូវជ្រើសរើសអ្នកដឹកនាំជោគវាសនារបស់ប្រទេសជាតិ និងប្រជាជន ជាពិសេសអ្នកដែលបានបម្រើជាតិ និងប្រជាជនយ៉ាងពិតប្រាកដ។

២. យុវជន មានលក្ខណៈពិសេសជាច្រើន ហើយត្រូវបានមហាជន រួមទាំងគណបក្សប្រជាជនកម្ពុជា តែងបានចាត់ទុកជាឆ្អឹងខ្នង និងជាកម្លាំងដ៏មុតស្រួច ដែលត្រូវយកចិត្តទុកដាក់ថែបំប៉ន និងបណ្តុះបណ្តាលសមត្ថភាពចំណេះដឹង និងចំណេះធ្វើ ជាពិសេសគុណធម៌ សីលធម៌ ដើម្បីឱ្យក្លាយខ្លួនជាទំពាំងស្នងឫស្សី ដែលត្រូវចូលរួមជាមួយគណបក្សក្នុងការអនុវត្តកម្មវិធីនយោបាយ និងបេសកកម្មនានាបម្រើឱ្យផលប្រយោជន៍របស់សង្គមជាតិ។ តួនាទីរបស់យុវជនបក្សគ្រប់រូប គឺការចូលរួមធ្វើសកម្មភាពជាមួយគណបក្ស តាមរយៈកិច្ចការស្ម័គ្រចិត្ត និងក្នុងបុព្វហេតុការពារនិរន្តភាពនៃការដឹកនាំរបស់បក្ស ដើម្បីធានាលំនឹងស្ថិរភាព និងឱកាសសម្រាប់បច្ចុប្បន្ន និងអនាគត។

៣. គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានវ័យចំណាស់ជាងគេ ធំជាងគេ និងជាទីទុកចិត្តរបស់ប្រជាជនច្រើនជាងគេ ជាពិសេសចំពោះសមត្ថភាពក្នុងការដឹកនាំប្រទេស និងការពារប្រជាជន ព្រមទាំងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រជាជន។ គណបក្សប្រជាជនកម្ពុជា បានក្លាយជាទីបង្អែកយ៉ាងរឹងមាំសម្រាប់ជាតិ និងប្រជាជន ក្នុងការធានាឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី វិបុលភាព និងវឌ្ឍនភាពសង្គមក្រោមម្លប់នៃសុខសន្តិភាព។ ដើម្បីធានាបាននូវប្រៀបឈ្នះរបស់គណបក្សសម្រាប់ពេលខាងមុខ, យុវជនគណបក្សប្រជាជនកម្ពុជាគ្រប់រូប ដែលជាកម្លាំងឆ្អឹងខ្នងដ៏មានសារៈសំខាន់ និងពោរពេញដោយថាមភាព ត្រូវបន្តការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចចំនួន ៣ សំខាន់គឺ៖ ទី១. ថែរក្សាសមិទ្ធផលវិជ្ជមានរបស់អ្នកជំនាន់មុន, ទី២. បង្កើននូវសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត និងទី៣. រៀបចំមូលដ្ឋានសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។

ចែករំលែកអត្ថបទ