Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងសម្ភារៈថវិកា ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹស

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ ក្រុមការងារ បាននាំយកទៀនព្រះវស្សា និងសម្ភារៈថវិកា ទៅ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមមាន វត្តព្រែកថ្លឹង និងវត្តកែវមុនី និងបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលទីតាំងសាលាបឋមសិក្សាកែវមុនី ដែលឯកឧត្តមបានជួយឧបត្ថម្ភទាំងស្រុងលើការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណសាលា ជាក់ស្តែងបានចាក់ដីបំពេញទីធ្លាសាលាទាំងមូល បានធ្វើលូប្រឡាយរំដោះទឹកជុំវិញសាលា ជួសជុលបន្ទប់ទឹក បង្គន់អនាម័យ ហើយបាននិងកំពុងតែបន្តរៀបចំចាក់បេតុងលើទីលានក្នុងបរិវេណសាលា និងជួសជុលកសាងបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត រួមមានជួសជុលកែលម្អរលាបពណ៌អាគារសាលា រៀបឥដ្ឋបូកស៊ីម៉ងត៍លាបពណ៌របងជុំវិញសាលា និងធ្វើទោងសម្រាប់ប្អូនៗកុមារជិះលេងកំសាន្ត ផងដែរ ដើម្បីសោភ័ណភាពសាលា និងផាសុកភាពដល់សិស្សានុសិស្ស ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា សេរីភាពនៃជំនឿនិងការគោរពប្រតិបត្តិសាសនា គឺជាជ្រុងមួយដែលបង្ហាញពីសន្តិភាពផងដែរ ព្រោះតាមប្រវត្តិសាស្ត្រយើងធ្លាប់ ដឹងទាំងអស់គ្នាហើយថា ក្នុងពេលប្រទេសមានសង្គ្រាម ប្រជាជនយើង គឺរស់នៅវេទនាខ្លាំងណាស់ ពុំមាននណាម្នាក់ មានឱកាស និងពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើបុណ្យ គោរពសាសនា តាមសេរីភាពនៃចិត្តខ្លួនឯងនោះទេ ជាពិសេស ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត អ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លាញទាំងស្រុង ក្នុងនោះជំនឿសាសនាទាំងអស់ក៏ត្រូវបានលុបបំបាត់ ពលរដ្ឋម្នាក់ៗរស់ក្នុងអន្លង់ទុក្ខ មិនអាចធ្វើបុណ្យ មិនអាចជឿឬប្រតិបត្តិគោរពសាសនា គ្រប់ប្រភេទ ផ្ទុយពីបច្ចុប្បន្ន ដែលយើងម្នាក់ៗគឺមានសិទ្ធិសេរី និង ឱកាស ធ្វើបុណ្យបានគ្រប់ៗគ្នា និងអាចមានជំនឿគោរពប្រតិបត្តិ បានគ្រប់សាសនា នេះក៏ព្រោះតែសង្គមយើងមានសន្តិភាពនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជូនថវិកាដល់លោកយាយ លោកតាពុទ្ធបរិស័ទ្ធដែលបានមកចូលរួមក្នុងកម្មវិធី ព្រមទាំងបាននាំយកការ៉េម នំបុ័ង និងទឹកសុទ្ធចែកជូនលោកយាយ លោកតា កុមារា កុមារីសិស្សានុសិស្សដែលបានមកទទួលស្វាគមន៍វត្តមានរបស់ឯកឧត្តមក្នុងទីបរិវេណវត្ត និងសាលា ចូលរួមបរិភោគរួមគ្នាយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង ៕

ចែករំលែកអត្ថបទ