សន្តិសុខ​សង្គម

តុលាការផ្ដន្ទាទោសអតីតមេចោរប្លន់ម្នាក់ដាក់គុកតែ ៣ឆ្នាំ រឿងជួញដូរគ្រឿងញៀនជិត២គីឡូក្រាម

(ភ្នំពេញ)៖ លោកស្រី គឹម សុគន្ធា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានប្រកាសសាលក្រមក្នុងសំណុំរឿងជូញដូរគ្រឿងញៀនប្រមាណជាជិត ២គីឡូក្រាម។

នៅក្នុងសំណុំរឿងនេះ រួមមានជនជាប់ចោទចំនួន ៣នាក់៖
ជនជាប់ចោទទី១ឈ្មោះ ដេវីដ វីនសែន (DAVID VINCENT) ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា និងទី២ឈ្មោះ ម៉ាតធ្យូ ដេវីដសេមផល (MATTEW DAVID SAMPLE) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ អាមេរិកត្រូវបានតុលាការផ្ដន្ទាទោស ដាក់ពន្ធនាគាររយៈពេល ២៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០លានរៀលចូលជាថវិការដ្ឋ ពីបទ ដឹកជញ្ជូន រក្សាទុក និងជូញដូរដោយខុសច្បាប់នៅសារធាតុញៀន។

ចំណែកជនជាប់ចោទទី៣មានឈ្មោះ ធៀម តុលា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រូវបានតុលាការផ្ដន្ទាទោសត្រឹមតែ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ពីបទ ដឹកជញ្ជូន រក្សាទុក និងជូញដូរដោយខុសច្បាប់នៅសារធាតុញៀន ដូចគ្នា។

គួររម្លឹកថា កាលពីថ្ងៃទី០៥ និងថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំងជំនាញ (ក៨) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំចំនួន ៣ទីតាំង៖
-នៅចំណុចគល់ស្ពានជ្រោយចង្វារក្បែរង្វង់មូលបាយ័ន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
-នៅចំណុចមុខផ្សារដេប៉ូ ផ្លូវនិរុស ក្នុងសង្កាត់ផ្សារដេប៉េ២ ខណ្ឌទួលគោករាជធានីភ្នពេញ
-នៅចំណុចផ្លូវលេខ៥ ក្នុងបូរីពិភពថ្មី(ចំការដូង) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង ៣នាក់ខាងលើ និងដកហូតវត្ថុតាងជាគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១០១៤,០៨ ក្រាម (ជាង ១គីឡូក្រាម) និងគ្រឿងញៀនប្រភេទ នីមេតាហ្សេប៉ាម ចំនួន ៣០០,៦០ ក្រាម (ជាង ៣ខាំ)។

សូមជម្រាបជូន ជនជាប់ចោទឈ្មោះ ធៀម តុលា កាលពីឆ្នាំ២០១៤ ធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំក្នុងសំណុំរឿងលួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អំពើហិង្សា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។

ចែករំលែកអត្ថបទ