Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋម្នាក់ប្ដឹងមេភូមិរំលេចឃុំព្រះស្រែស្រុកឧដុង្គខេត្តកំពង់ស្ពឺ ទៅសម្ដេច ស ខេង ឲ្យជួយរកយុត្តិធម៌

(កំពង់ស្ពឺ)៖ ពលរដ្ឋរងគ្រោះម្នាក់បានសម្រេចចិត្តដាក់ពាក្យប្ដឹងលោក សួន ហឿន មេភូមិរំលេច ចូលក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រឿងជេរប្រមាថ និងប្រើអំណាចឱ្យឈ្មួញរកស៊ីដីយកគ្រឿងចក្រទៅឈូសឆាយរំលោភបំពានព្រំដី។
បើយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានឈ្មួញទិញដី ជាម្ចាស់តាំងក្បាលដីលេខ ៣១៣ បានប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ូទ័រ (អាអ៊ិច) កាយ និងឈូសឆាយព្រៃលើព្រំប្រទល់របស់ជនរងគ្រោះ ដោយមិនបានប្រាប់ជនរងគ្រោះឱ្យទៅចូលរួមពិនិត្យនោះទេ។ ជាមួយគ្នានោះ ម្ចាស់ទីតាំងក្បាលដីលេខ ៣១៣ បានថែមទាំងឱ្យគ្រឿងចក្រឈូសឆាយចូលក្នុងដីរបស់ជនរងគ្រោះថែមទៀតផង។
ក្រោយពីជនរងគ្រោះទៅមើលទីតាំងដីរបស់ខ្លួនរួចទើបឃើញថាការឈូសឆាយនោះ បានធ្វើឱ្យបាត់អត្ដសញ្ញាណព្រំដីដើមរវាងដីរបស់ជនរងគ្រោះ និងក្បាលដីលេខ ៣១៣ អស់រលីងទៅហើយ ទើបកាលពីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបាន ទៅប្រាប់លោក សួន ហឿន មេភូមិរំលេចពីដំណើរដើមទងដែលមានភាគីម្ចាស់ក្បាលដីលេខ ៣១៣ ចូលឈូសឆាយព្រៃព្រំដី ប៉ះពាល់ដល់ដីរបស់ខ្លួន។
នៅពេលជនរងគ្រោះ រៀបរាប់រឿងមានគេឈូសឆាយប៉ះពាល់ព្រំដីរបស់ខ្លួន ស្រាប់តែលោកមេភូមិឈ្មោះ សួន ហឿន បានប្រើពាក្យសម្ដីគំរោះគំរើយថា៖ អញ! ដឹងរឿងគេឈូសព្រំដី ហែងទាំងអស់! បើហែងដឹងថា គេឈូស មិចហែងមិនទៅបោះតម្រុយទៅ? កុំឱ្យគេឈូសចូលដីហែង។
ជនរងគ្រោះ បានតបវិញថា៖ បើតា (មេភូមិ) បានដឹងថា គេមកឈូសព្រំដីជាប់ដីរបស់ខ្ញុំ មិចតាមិនប្រាប់ខ្ញុំឱ្យទៅមើលផង? មិចក៏ឱ្យគេឈូសចូលដីខ្ញុំអស់ចឹង?
លោកមេភូមិ បានខឹងសម្បានឹងជនរងគ្រោះ ហើយជេរប្រមាថជនរងគ្រោះថា៖ ហែងពូកែខាងជំទាស់គេ! អាចម៍ស្អី មុខប្រហែលហែង! ចង់ទៅប្ដឹងអាណាទៅប្ដឹងទៅ អញ្ជើញទៅប្ដឹងទៅ អញ! គ្មានខ្លាចហែងទេ ទៅប្ដឹងដល់ណាប្ដឹងទៅ!
ជនរងគ្រោះ បានចាត់ទុកថា ការជេរប្រមាថ មាក់ងាយ មកលើរូបខ្លួនពីសំណាក់លោកមេភូមិឈ្មោះ សួន ហឿន នេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងរ និងពុំអាចទទួលយកបានទេ និងគោរពស្នើសុំ សម្តេច ក្រឡាហោម ឱ្យជួយរកយុត្តិធម៌ ដើម្បីកុំឱ្យលោកមេភូមិរួបនេះ ចេះតែប្រើអំណាចដោយបំពានច្បាប់បែបនេះបន្តទៅទៀត។
នៅថ្ងៃដដែលនេះ ជនរងគ្រោះឈ្មោះ ជា សារ៉ាត់ រស់នៅភូមិរំលេច ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក៏បានដាក់ពាក្យប្ដឹងសុំអន្តរាគមន៍ទៅលោកអភិបាលស្រុកឧដុង្គ ជួយដោះស្រាយ និងរកយុត្តិធម៌ចំពោះការរំលោភពានពីសំណាក់ម្ចាស់ក្បាលដីលេខ ៣១៣ ផងដែរ។
ជនរងគ្រោះ សង្ឃឹមយ៉ាងមុតមាំថា សម្ដេចក្រឡាហោម និងលោកអភិបាលស្រុកឧដុង្គ នឹងអាចរកយុត្តិធម៌ឲ្យខ្លួនដែលជាពលរដ្ឋទន់ខ្សោយបានយ៉ាងពិតប្រាកដ៕

ចែករំលែកអត្ថបទ