Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ចៅក្រម ទិត ដាលីន សម្រេចមិនឃុំខ្លួនស្ត្រីដែលកាប់ប៉ងសម្លាប់ប្ដីនៅខណ្ឌសែនសុខ តាមសំណើររបស់តំណាងអយ្យការ (ភ្នំពេញ)៖ ទីបំផុត! ស្ត្រីជាប់ចោទឈ្មោះ ជា សុភាព ហៅ ហម ដែលយកកាំបិតប៉័ងតោកាប់ចិញ្ច្រាំប្តីឱ្យរងរបួសធ្ងន់នៅខណ្ឌសែនសុខ ត្រូវបានលោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងជាបណ្ដោះអាសន្នហើយកាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២

ការដោះលែងត្រូវបាន សមត្ថកិច្ចបញ្ជាក់ថា ធ្វើឡើងតាមសំណើររបស់តំណាងអយ្យការ បន្ទាប់ពីលោកព្រះរាជអាជ្ញារង ហេង ផេង បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ស្ត្រីត្រូវចោទខាងលើពីបទ ហិង្សាដោយដោយសហព័ទ្ធ ឬអនីតសង្វាសជន ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ០៣ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២២ យោងតាមមាត្រា ២២២នៃក្រមព្រហ្មទណ្ឌរួចបញ្ជូនទៅជូនចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តដោយមិនសុំឱ្យឃុំខ្លួនស្ត្រីដៃដល់ជាបណ្ដោះអាសន្ន។

ពាក់ព័ន្ធសំណុំរឿងនេះ លោកព្រះរាជអាជ្ញារង ហេង ផេង បានប្រាប់អ្នកកាសែតថា ស្ត្រីជាប់ចោទទើបតែវះកាត់ មានម្ដាយចាស់ជរា និងមានកូនតូចផង ហើយអ្នកទាំងពីរនៅមិនទាន់ចប់គ្នានោះទេ។

បើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាប្ដី បានបញ្ជាក់ថា ស្ត្រីជាប់ចោទឈ្មោះ ជា សុភាព ហៅ ហម បានធ្វើសកម្មភាពលបកាប់ប៉ុនប៉ងសម្លាប់ជនរងគ្រោះចោលកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ខណៈជនរងគ្រោះទៅមើលកូនឈឺតាមការខលហៅរបស់ស្ត្រីជាប់ចោទ។

ដើមហេតុដែលស្ត្រីជាប់ចោទកាប់ជនរងគ្រោះ គឺដោយសារតែខឹងជនរងគ្រោះមិនព្រមវិលមកស្នាក់នៅក្នុងផ្ទះជួលជាមួយគ្នាវិញ តាមការសុំរបស់ស្ត្រីដៃដល់តាមការទាមទាររបស់នាង។

នៅពេលកើតហេតុនោះ ស្ត្រីជាប់ចោទបាន ប្រើកាំបិតប៉័ងតោកាប់លើជនរងគ្រោះជាប្តីផ្នែកក្បាលពីខាងក្រោយ និងកាប់ជើងរហូតដេកហូរឈម រួចទុកចោលបំណងឱ្យស្លាប់ ប៉ុន្តែត្រូវសាច់ញាតិជួយបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមកគ្រួសារនេះធ្លាប់មានទំនាស់នឹងគ្នា ដោយប្រើហិង្សាររហូតស្ត្រីជាប់ចោទខាងលើ បានប្ដឹងប្តីទៅតុលាការ ហើយតុលាការកំពុងចាត់ការលើបណ្ដឹងរបស់ស្ត្រីឈ្មោះ ជា សុភាព ហៅ ហម នេះផងដែរ។

ប្រភពបន្ថែមថា នៅថ្ងៃកើតហេតុ គឺជនបង្កឈ្មោះ ជា សុភាព ហៅ ហម បានប្រើកាំបិតលបកាត់ជនរងគ្រោះពីខាងក្រោយដោយមិនមែនជាសកម្មភាពវាយទៅវាយមកនោះទេ ព្រោះបើតាមកម្លាំងរបស់ជនរងគ្រោះជាមនុស្សប្រុស បើវាយទៅវាយមកស្ត្រីជាប់ចោទមិនអាចវាយឈ្នះជនរងគ្រោះឡើយ គឺមានតែលបកាប់ពីខាងក្រោយនៅពេលជនរងគ្រោះ នៅពេលជនរងគ្រោះមិនដឹងខ្លួនតែប៉ុណ្ណោះទើបអាចកាប់បានរហូតរងរបួសធ្ងន់ធ្ងរបែបនេះ ចំណែកស្ត្រីដៃដល់ក៏ពុំមានស្នាកស្នាមរងរបួសអ្វីបន្តិចឡើយ៕