សន្តិសុខ​សង្គម

ជនសង្ស័យម្នាក់​ត្រូវបាន​ កម្លាំងនគរបាល​ប៉ុស្តិ៍ច្បារអំពៅ២​ ឃាត់​ខ្លួនខណៈ២នាក់ទៀត​កំពុងរត់គេចខ្លួន

ភ្នំពេញ​ ៖​ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២​ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​បានម្នាក់ក្នុងចំណោមបក្ខពួក៣នាក់​ បន្ទាប់ពី​ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចយកកៅអី​ឈើចំនួនមួយនៅចំណុចមុខផ្ទះលេខ​៦៣២​D ផ្លូវ៣៥៨​ភូមិដើមស្លែង​សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ កាលពីវេលា​ម៉ោង០២និង​០០​នាទីរំលងអាធ្រាត្រចូលថ្ងៃទី​០២ខែធ្នូឆ្នាំ​២០២១ ៖​ ហេតុការណ៍ឃាត់ខ្លួន​ជនសង្ស័យនេះបានធ្វើឡើងនៅវេលាម៉ោង​១១និង​៣០​នាទីថ្ងៃទី០៣ខែធ្នូ​ ឆ្នាំ២០២១ នៅភូមិដើមស្លែងសង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារ​អំពៅ ។

ជនរងគ្រោះមានឈ្មោះ ហៀ រិទ្ធី ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះកើតហេតុ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អ៊ុង សុភ័ក្រ្ត ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើម ស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះទុកកៅអីឈើមួយនៅចំណុចកើតហេតុ រួចក៏ចូលក្នុងផ្ទះ ស្រាប់តែ មានជនសង្ស័យ ០៣នាក់ ឈ្មោះ អ៊ុង សុភ័ក្រ្ត, ឈ្មោះ ប៉ា លី និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូ ០១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ផ្លាកលេខ ភ្នំពេញ ១IT-១៤៨១ មានសណ្តោងរទេះតូច ពណ៌ទឹកមាស មកឈប់កន្លែងកើតហេតុ រួចនាំគ្នាធ្វើ សកម្មភាពលួចកៅអីឈើផ្អែករបស់ជនរងគ្រោះដាក់លើ​រទេះនាំគ្នាជិះគេចខ្លួន រួចជនសង្ស័យឈ្មោះ ប៉ា លី និងម្នាក់ទៀតមិន ស្គាល់ឈ្មោះជាអ្នក​យកកៅអីទៅលាក់ទុក។ លុះដល់ថ្ងៃទី ០៣​ខែធ្នូ​ ឆ្នាំ២០២១ វេលាម៉ោង១១និង​៣០​នាទី សមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ឈ្មោះ អ៊ុង សុភ័ក្រ្ត នៅភូមិដើមស្លែងសង្កាត់​ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រួមនិងវត្ថុតាងម៉ូតូ ០១គ្រឿង ម៉ាក ខាងលើ និងរទេះតូច០១ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២​ ដើម្បីធ្វើការសាកសួរ។ ចំណែក​បក្ខពួកជនសង្ស័យ ឈ្មោះ ប៉ា លី និងម្នាក់​ទៀតមិនស្គាល់ឈ្មោះ បានរត់គេចខ្លួន​បាត់។

បច្ចុប្បន្ន​ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន​សមត្ថកិច្ចកសាងសុំណុំរឿងបញ្ជួនទៅកាន់​អធិការនគរបាលខណ្ឌច្បារអំពៅ​ ចាត់ការបន្តតាមនិតិវិធី​ ៕