Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

តុលាការសម្រេចជំនុំជម្រះផ្ទាល់មនុស្ស៧នាក់ដែលអាជ្ញាធរខណ្ឌចំការមនចាប់ខ្លួនរឿងជុំគ្នាលេងហ្គេមខុសវិធានការ៣កុំ៣ការពារ

(ភ្នំពេញ)៖ តំណាងអយ្យការបានសម្រេចបញ្ជូនជនសង្ស័យទៅតុលាការជំនុំជម្រះតាមរយៈដីការសម្រេចបញ្ជូនរឿងទៅជំនុំជម្រះភ្លាម។ នេះជាការលើកឡើង របស់លោកព្រះរាជអាជ្ញារង ប្លង់ សុផល អ្នកនាំពាក្យ នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រុមជនសង្ស័យទាំង ៧នាក់ដែលត្រូវចាប់បញ្ជូនខ្លួនទៅតុលាការនោះ គឺទទួលបានសេរីភាពវិញហើយបន្ទាប់ពីតុលាការសម្រេចជំនុំជម្រះផ្ទាល់។

សូមជម្រាបថា អាជ្ញាធរខណ្ឌចំការមន កាលពីកណ្ដាលយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ
បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ក្បែរស្ពានហង្សកោះពេជ្រ ដោយឃាត់មនុស្សប្រុសស្រីចំនួន ៧នាក់។

មនុស្សប្រុសស្រី ៧នាក់នោះ ជាអ្នកមើលការខុសត្រូវទីតាំងល្បែងហ្គេមខុសច្បាប់ និងអ្នកលេងហ្គេមខុសច្បាប់ នៅក្នុងមជ្ឈមណ្ឌល ជីន ស៊ឺម៉ៅ ក្បែរស្ពានហង្សកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ការចុះបង្ក្រាបទីតាំងខាងលើនោះ បានធ្វើឡើងបន្ទាប់ពីម្ចាស់លួចលាក់បើកលេងហ្គេមខុសច្បាប់ មិនគោរពតាមវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ដើម្បីប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនៅវិធានការ ៣កុំ (កុំចូលកន្លែងបិទជិត, កុំទៅកន្លែងមានមនុស្សច្រើន និងកុំប៉ះពាល់គ្នា) និង ៣ការពារ (ពាក់ម៉ាស, រក្សាគម្លាត និងលាងដៃជាមួយអាល់កុល) ប៉ុន្តែក្រុមភ្នាក់ងារល្បែងស៊ីសងខាងលើ បានលបលួចបើកដំណើរការល្បែងស៊ីសង ដែលមានមនុស្សចូលទៅលេងរាប់សិបនាក់មិនគោរពការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខដឹកនាំកម្ពុជានោះទេ ទើបត្រូវអាជ្ញាធរចុះបង្ក្រាប និងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយគឺក្រុមមនុស្សដែលមិនគោរពច្បាប់ទាំងអស់នោះ ត្រូវមានសេរីភាពវិញយ៉ាងងាយៗពេក ដែលធ្វើឱ្យពួកគេពុំរាងចាលចំពោះការប្រព្រឹត្តកំហុសឡើយ៕

ចែករំលែកអត្ថបទ