គ្រោះថ្នាក់ចរាចរណ៍

យ៉ាងហោចណាស់មានមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ រថយន្ដ៣គ្រឿងបុកគ្នា ផ្ទុះឆេះ២គ្រឿង នៅក្រុងព្រៃវែង

ខេត្តព្រៃវែង ៖ មនុស្ស៣នាក់ បានទទួលរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ដ៣គ្រឿងបុកគ្នា បណ្ដាលឲ្យ២គ្រឿងផ្ទុះឆេះខ្ទេចទាំងស្រុង នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

អធិការនគរបាលក្រុងព្រៃវែង បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត៣គ្រឿង បើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿង បានបើករំលោភចូលផ្លូវអាទិភាព ទើបបណ្ដាលឲ្យបុកពេញទំហឹងផ្ទុះឆេះរថយន្ត២គ្រឿង ខូចខាតស្ទើរទាំងស្រុង និងមនុស្ស៣នាក់បានរងរបួសបាក់ជើង២នាក់ និងម្នាក់ទៀតចុកចាប់ពេញខ្លួន។

លោកអធិការ បានអោយដឹងថា ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ពន្លត់ភ្លើង។ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ខណៈរថយន្ដទាំង៣គ្រឿង បានយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ រង់ចាំដោះស្រាយពេលក្រោយ៕

ចែករំលែកអត្ថបទ