ព័ត៌មាន​ជាតិ

ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ រៀបចំពិធី​ចាប់​ឆ្នោត​ជ្រើសរើសដី​ឡូត៍ (ដីកសិកម្ម​) ជូន​សមាគម​អតីត​យុវជន​កម្ពុជា​ខេត្ត​​ និងអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្នុងខេត្ត ចំនួន៣៦គ្រួសារ

ខេត្តក្រចេះ៖ នាព្រឹក​ថ្ងៃពុធទី១៧ ខែមីនា​ ឆ្នាំ២០២១ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បាន​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ចាប់​ឆ្នោត​ជ្រើសរើស​ឡូត៍ដី​ (ដីកសិកម្ម​) ជូន​សមាគម​អតីត​យុវជន​កម្ពុជា​ខេត្ត​ក្រចេះ​ នៅទីតាំងសម្បទានដីសង្គមកិច្ច​ ដែលត្រូវប្រគល់ជូន អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្នុងខេត្ត ចំនួន៣៦គ្រួសារ ស្ថិតក្នុងភូមិ​សំបួរសែនជ័យ​ ឃុំស្វាយជ្រះ​ ស្រុកស្នួល​ ខេត្តក្រចេះ​។

ដោយមានការចូលរួមពីលោកប្រធានមន្ទីរ ដ.ន.ស.ស ខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ លោក​អភិបាល​ស្រុក​ស្នួល ព្រមទាំង​អាជ្ញាធរស្រុកឃុំជាច្រើននាក់ទៀត។

ឯកឧត្តម​ គង់​ គឹម​នី​ មានប្រសាសន៍​ថា ដីកសិកម្ម ចំនួន​១ហិកតា ក្នុងមួយគ្រួសារសម្រាប់​ដីធ្លី​ដែល​បាន​ចែក​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​នេះ​ គឺមិនអនុញ្ញាតឲ្យលក់ដូរនោះទេ។

ឯកឧត្តម​ អភិបាលរងខេត្ត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូនត្រូវចេះប្រុងប្រយត្ន័ការពារខ្លួនពីជំងឺកូវីដ១៩ និងខិតខំប្រឹងប្រែងបំពេញការងារដែលមានស្រាប់ ដើម្បីជួយដល់ជីវភាពគ្រួសារ និងត្រូវចេះសាមគ្គីគ្នាពេលមានធុរៈ ដោយមិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ៕