Saturday, April 20, 2024
Latest:
ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយផែនការដែលត្រូវអនុវត្តចំពោះមុខ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកពិធីប្រជុំពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយផែនការដែលត្រូវអនុវត្តចំពោះមុខ។ ពិធីនេះដែរក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរស្តីទី នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។

ឆ្លៀតឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំ ដល់ នាយ នាយរងអាវុធហត្ថ ត្រូវតែ ខិតខំ បន្ត អនុវត្ត ភារកិច្ចការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តក្នុងប្រទេសយើង ពង្រឹងការងារសន្តិសុខសង្គមឱ្យបានកាន់តែប្រសើរបន្ថែមទៀត និង ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពច្បាប់ គោរពសិទ្ធមនុស្ស និងបទបញ្ជាទាំងឡាយរបស់ថ្នាក់លើ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់។ លោកឧត្តមសេនីយ៍ឯក បន្តទៀតថា កម្លាំងក្រោមឱវាទទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងត្រូវចេះសន្សំសំចៃដោយរៀបចំផែនការសេដ្ឋកិច្ចគ្រួសារ ឲ្យបានត្រឹមត្រូវ ដើម្បីជៀសឲ្យផុតពីហានិភ័យសេដ្ឋកិច្ចក្នុងគ្រួសារ និងចេះថែរក្សាសុខភាពខ្លួនឯងក៏ដូចជាក្រុមគ្រួសារឲ្យបានល្អផងដែរ។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ឯក តែងតែបានក្រើនរំលឹកជារឿយៗស្តីពីការ បង្ការ និងទប់ស្កាត់រលកទីពីរ នៃជម្ងឺឆ្លងកូវីដ-១៩ (Covid-19) ដល់កម្លាំងក្រោមឱវាទទាំងអស់ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារអាវុធហត្ថនីមួយៗ ដូចជាពាក់ម៉ាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល រក្សាគន្លាតសុវត្ថិភាពបុគ្គល សង្គម និងចាត់វិធានការប្រុងប្រយ័ត្នផ្សេងៗ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ហើយសូមកុំភ្លេច! ប្រសិនបើពិភពលោកនៅតែនៅបន្តមិនមានថ្នាំព្យាបាលជំងឺនេះពិតប្រាកដ ហើយវ៉ាក់សាំងនៅតែបន្តមិនទាន់មាន សូមកុំធ្វេសប្រហែសឱ្យសោះ!។ យើងទាំងអស់គ្នាអាចភ្លេចមេរោគកូវីដ១៩នេះបាន ប៉ុន្តែមេរោគនេះមិនដែលភ្លេចយើងទាំងអស់គ្នាគ្រប់រូបបានទេ។ ទន្ទឹមនឹងការពារការចម្លងវីរុសកូវីដ-១៩ លោកឧត្តមសេនីយ៍ឯកបានលើកឡើងអោយមានការប្រុងប្រយ័ត្នពីជម្ញឺថ្មីមួយទៀតគឺ ជម្ងឺគ្រុនឈីក ដែលបណ្តាលមកពីមូសខ្លាញីខាំ ហើយជម្ងឺគ្រុនឈីក នេះគឺវាស្រដៀងទៅនឹងជម្ងឺគ្រុនឈាមផងដែរ ដោយមានខេត្តចំនួន១៥ហើយដែលត្រូវបានរកឃើញ៕

ចែករំលែកអត្ថបទ