សន្តិសុខ​សង្គម

ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់សម្លាប់ បានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចជំនាញបណ្ដាលឲ្យ (ស្លាប់៤នាក់) នៅក្នុងបុរីអង្គរភ្នំពេញ

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជថានីភ្នំពេញ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ​ បានបើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​ ក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ។

​ ជាមួយគ្នានោះ​ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា, មុននេះបន្តិច ខ្ញុំបានដឹកនាំកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ ចុះបង្ក្រាប ករណីចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយឧក្រិដ្ឋជន០៤នាក់ បានរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ ជាក្រោយ។

ក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង​ ៕