សន្តិសុខ​សង្គម

សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យ ករណីហិង្សាដោយចេតនាលើអនិតិជន

ឧត្តរមានជ័យ៖ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានករណីហិង្សាលើក្មេងស្រីចំនួន២នាក់ភ្លាមៗ នៅរសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាកម្លាំងអធិការនគរបាលក្រុងសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ ធ្វើការស្រាវជ្រាវ ករណីហិង្សាដោយចេតនាលើអនិតិជន ដែលបានកើតឡើងនៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ ម៉ោង១៨នឹង០០នាទី នៅចំណុចផ្លូវលេខ៤ ភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
លោកស្នងការបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពែង រដ្ឋា ហៅ រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ។
ជនសង្ស័យបានធ្វើសកម្មភាពយករំពាត់មែកឈើ វាយទៅលើជនរងគ្រោះឈ្មោះ ផាត លីហ្សាប ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិកើតហេតុ និងឈ្មោះ ផាត ស្រីង៉ិក ភេទស្រី អាយុ១០ឆ្នាំ មានទីលំនៅភូមិកើតហេតុ (ទាំង០២នាក់ ជាក្មេងកំព្រា ដោយឪពុក.ម្តាយជាប់ពន្ធនាគារ) បណ្ដាលឲ្យមានស្នាមរបួសនៅលើខ្នងជាច្រើនកន្លែង។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា មូលហេតុ ខឹងក្មេងស្រីទាំង០២នាក់ធ្វើឲ្យសត្វសារិកាកែវងាប់ ចំនួន២ក្បាល ព្រោះក្មេងស្រីទាំង ២នាក់ ភ្លេចដាក់ទឹកនិងចំណីឲ្យសត្វសារិកាកែវផឹកស៊ី។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ និងកសាងកំពុងសំណុំរឿងតាមនិតិវិធីច្បាប់ ៕