Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ៣នាក់ដែលឆក់ការបូបតាមផ្លូវត្រូវតុលាការសម្រេចដាក់ពន្ធនាគារព្រៃស​

ភ្នំពេញ៖ ជនសង្ស័យដែលជាមុខសញ្ញា ឆក់ ការបូប តាមដងផ្លូវយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញចំនួន៣ នាក់ត្រូវ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញលោកយិនសារឿន នៅព្រឹកថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៨ បានចេញដីកា​បង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារព្រៃស ។

ជនសង្ស័យទី១៖មានឈ្មោះ តឺយ ពៅ អាយុ​២៨​ឆ្នាំ មុខរបរ​មិនពិតប្រាកដទីលំនៅបច្ចុប្បន្នផ្ទះលេខ​៣៧២ ផ្លូវ​ម៉ុងរិទ្ធី ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ជននេះមាន​ដីកាបង្គាប់ឲ្យចាប់ខ្លួន​ចេញដោយ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ទី២៖ឈ្មោះ ហេង កុសល ហៅ​តឿ ​អាយុ​២៦​ឆ្នាំ មុខរបរ​ជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ២៨៩ សង្កាត់​បឹងកក់ទី២ ខណ្ឌ​ទួលគោក និងទី៣៖ឈ្មោះ ទៀវ បញ្ញា ហៅ​បញ្ញា ​អាយុ​២០​ឆ្នាំ មុខរបរ​ជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅផ្ទះលេខ មិនចាំផ្លូវលេខ​៥៩៨​ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួន​បាន កាលពីថ្ងៃទី២៤ ខែ​សីហា ឆ្នាំ​២០១៨ នៅចំណុច ផ្ទះសំណាក់លេខ៦៩ ផ្លូវឧកញ៉ាម៉ុងរិទ្ធី ភូមិ​ទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​ក្រោយពីឃាត់ខ្លួនបានយកទៅធ្វើការសាកសួរជនសង្ស័យ បានសារភាពថា កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាព ឆក់យកកាបូបបានចំនួនតែ២លើក ដោយក្នុងនោះ បានសម្រេចមួយលើកាលពីថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៨ ដោយឆក់កាបូប​យួរដៃ ពីជន​ជាតិ ចិន នៅចំណុច​មុខផ្ទះលេខ៧ផ្លូវសុធារស ភូមិទី៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងនោះមាន លិខិតឆ្លង​ដែនលេខ E២៤០៣៩០៥៨ ចំនួន​០១ អត្តសញ្ញាណបណ្ណ័សញ្ជាតិចិន ប្រាក់ហុងកុង ចំនួន​៣៦,០០០, ប្រាក់ចិនចំនួន​១០,០០០, ​ប្រាក់តៃវ៉ាន់ ចំនួន​៤,០០០, កាតATM ចំនួន​១៥, ប្រាក់ដុល្លារអាមេរិក មួយចំនួន និងទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌​ខ្មៅ ចំនួន០១​ផងដែរ៕

ចែករំលែកអត្ថបទ